ហាប់គីដូ​ប្រកួត​អន្តរជាតិ​លើក​ទី១​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ២​ មាន​ការ​កោតសរសើរ​ខ្លាំង​

  • 2024-08-07 05:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​ហាប់គីដូ​កម្ពុជា​ ចេញ​ទៅ​ប្រកួត​អន្តរជាតិ​លើក​ទី១​ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ២​ ឈ្នះ​មេដាយ​​ ៤០​គ្រឿង​ ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​ពី​ការ​បណ្ដា​ប្រទេស​ចូលរួម។​

ទិដ្ឋភាពម្សិលមិញ

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​ និង​ជា​គ្រូ​បង្វឹក​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ​ ដែល​ជា​បទ​ពិសោធ​ថ្មី​ និង​ជា​លើក​ទី១​ សម្រាប់​សហព័ន្ធ​ និង​ក្រុម​កម្ពុជា​ គឺ​ទទួល​បាន​ជោគជ័យ​ហួស​ការ​រំពឹង​ទុក។​ ដោយ​សារ​នេះ​ជា​លើក​ទី១​ មុន​ការ​ចេញ​ទៅ​គឺ​សង្ឃឹម​ឈ្នះ​មេដាយ​ ២-៣​ គ្រឿង​វិញ្ញាសា​លេចធ្លោ​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​សារ​ការ​ខំប្រឹង​ហ្វឹកហាត់​ និង​ប្ដេជ្ញា​ក្នុង​ការ​ប្រកួត​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​បែប​នេះ។​

ទិដ្ឋភាពម្សិលមិញ

តាម​រយៈ​ការ​ឈ្នះ​មេដាយ​ជា​ច្រើន​គ្រឿង​ និង​បង្ហាញ​សមត្ថភាព​ល្អ​ទាំង​នេះ​ ក្រុម​កម្ពុជា​ទទួល​បាន​ការ​កោតសរសើរ​ និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​បណ្ដា​ប្រទេស​ចូលរួម​ ព្រោះ​ថា​កម្ពុជា​ចូល​លើក​ទី១​ អាច​ជាប់​ចំណាត់​ថ្នាក់​លេខ២​ ក្នុង​ចំណោម​ ១២​ ប្រទេស​ចូលរួម​ និង​សំបូរ​ដោយ​ធនធាន​តូចៗ។​

ទិដ្ឋភាពម្សិលមិញ

គ្រូ​បង្វឹក​ជើងចាស់​ខាង​លើ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​មាន​បញ្ហា​បច្ចេកទេស​លើ​វិញ្ញាសា​ប្រយុទ្ធ​ដូច​ជា​ការ​ធ្វើ​បទ​បង្ហាញ​មុន​ប្រកួត​ផ្សេង​ និង​ពេល​ប្រកួត​ជាក់ស្ដែង​ប្ដូរ​ផ្សេង​យ៉ាងណា​ក្ដី​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ។​ តាម​រយៈ​ការ​ប្រកួត​លើកទី១​នេះ​ក្រុម​កម្ពុជា​ទាំង​លោក​ជា​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ទទួល​បាន​នូវ​បទ​ពិសោធ​ជាក់ស្ដែង​ជា​ច្រើន​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡា​ហាប់គីដូ​កម្ពុជា​ បាន​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភពលោក​ នៅ​ប្រទេស​ថៃ​ ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ ៤​ ខែ​សីហា​ ឆ្នាំ​២០២៤។​ កម្ពុជា​បញ្ជូន​កីឡាករ​ ១១នាក់​ កីឡា​ការិនី​ ៨នាក់ ប្រតិភូ​ គ្រូ​បង្វឹក​សរុប​ទាំង​អស់​ ២៤​នាក់។​ ម្សិលមិញ​ក្រុម​ហាប់គីដូ​របស់​កម្ពុជា​បាន​វិល​មក​ដល់​មាតុភូមិ​វិញ​ហើយ​ជា​មួយ​មេដាយ​ ៤០​គ្រឿង មាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​