Kon Ant ប្រកាសថតភាពយន្តលើកដំបូង ក្រោយរបូតតំណែងតួឯករឿង «ប្រវត្តិស្នេហ៍នាងនាថ» ឱ្យកូនកាត់ខ្មែរ-បារាំង មាលា
- 2024-08-07 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kon Ant ប្រកាសថតភាពយន្តលើកដំបូង ក្រោយរបូតតំណែងតួឯករឿង «ប្រវត្តិស្នេហ៍នាងនាថ» ឱ្យកូនកាត់ខ្មែរ-បារាំង មាលា
ចន្លោះមិនឃើញ
នាថការនីរបាំបុរាណ កញ្ញា សុគា គីមលាង ថ្មីៗនេះទើបទម្លាយឱ្យដឹងថា ការពិតនាងធ្លាប់ត្រូវបានផលិតកម្ម LD Entertainment ហៅឱ្យ casting តំណែងតួឯកស្រីរឿង «ប្រវត្តិស្នេហ៍នាងនាថ» ទន្ទឹមគ្នាជាមួយកូនកាត់ខ្មែរ-បារាំង កញ្ញា មាលា តែគួរឱ្យសោកស្តាយ ដោយសារនាងជាប់រវល់ធុរៈផ្ទាល់ខ្លួនច្រើន ទើបមិនមានទទួលថតរឿងជាស៊េរីនេះបាន។
យ៉ាងណាមិញ នាងរីករាយដែលមិត្តរួមអាជីព មាលា ក្តោបបានតំណែងតួឯកស្រីខ្សែភាពយន្តខ្នាតធំនេះ ធ្វើឱ្យយើងគ្រប់គ្នាមានឱកាសបានឃើញតារាសម្តែងមុខថ្មីម្នាក់ទៀតក្នុងវិស័យភាពយន្តនៅកម្ពុជា។
ក្រោយរបូតបាត់បង់តំណែងតួឯករឿង «ប្រវត្តិស្នេហ៍នាងនាថ» ឱ្យទៅ មាលា សោភារូបស្រស់ Kon Ant ស្រាប់តែបង្កើបឱ្យដឹងថា នាងឆក់បានតំណែងតួឯករឿងថ្មីមួយទៀតរបស់ផលិតកម្ម LD Entertainment ដែលបច្ចុប្បន្នរឿងថ្មីនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ។
ក្នុងបទសម្ផាសន៍ក្នុងថ្ងៃសម្ភោធរឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ «យុវវ័យក្រោយសម័យអង្គរ» Kon Ant បានបង្ហាញអារម្មណ៍រំភើបដែលបានចូលរួមថតភាពយន្តឱ្យផលិតកម្ម LD Entertainment ព្រោះនាងពេញចិត្តសាច់រឿង និងការថតរបស់ផលិតកម្មនេះខ្លាំងណាស់ មិនថារឿងបុរាណ ឬរឿងសម័យថ្មីនោះឡើយ។
មែនទែនទៅ នេះជាលើកដំបូងបង្អស់ដែល Kon Ant បោះជំហានចូលវិស័យភាពយន្តខ្មែរ ព្រោះកន្លងមកនាងធ្លាប់តែបង្ហាញខ្លួនសម្តែងក្នុងផ្ទាំងទស្សនីភាពសិល្បៈក្នុងនាមជានាថការនីរបាំបុរាណ និងទទួលថតប្រម៉ូតផ្សព្វផ្សាយ រួមទាំងការងារដើរម៉ូដខ្លះៗផងដែរ។
ទោះបីជា Kon Ant មិនប្រាប់ឱ្យដឹងពីចំណងជើងភាពយន្តថ្មីនោះ តែគេអាចដឹងថា ភាពយន្តដែលនាងចូលរួមសម្តែងចំណងជើងថា «សាសនាងងឹត» ជាប្រភេទរឿងបែបសម័យ ដែលមានការចូលរួមសម្តែងពីតារាចម្រៀងនិយមស្ទីល៍ K-POP មីណា ថែមទៀតផង។
ដោយសារនេះជាបទពិសោធន៍លើកដំបូងនៃការប្រឡូកវិស័យភាពយន្ត Kon Ant ពុំដឹងថា ខ្លួនឯងអាចធ្វើបានល្អកម្រិតណាទេ តែនាងសន្យាព្យាយាមឱ្យអស់ពីសមត្ថភាពឱ្យស័ក្កសមឱកាសដែលផលិតកម្មបានផ្តល់ឱ្យនាង។
សូមជម្រាបថា កញ្ញា សុគា គីមលាង ហៅ Kon Ant ជានាថការនីរបាំបុរាណដ៏មានទេពកោសល្យ។ នាងតែងលេចវត្តមានរាំពន់ពែនខ្លួនយ៉ាងល្វត់ល្វន់ក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗ និងជាតារាស្រីម្នាក់ដែលឈ្មុសឈ្មុលក្នុងការប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរបង្ហាញឱ្យពិភពលោកបានឃើញពីភាពចំណាស់នៃសិល្បៈដ៏រស់រវើករបស់ខ្មែរយើង។
Kon Ant បានចំណាយទាំងពេលវេលា និងប្រាក់កាក់ផ្ទាល់ខ្លួនក្នុងការផលិតវីដេអូផ្សេងៗពាក់ព័ន្ធទម្រង់សិល្បៈបុរាណ ដើម្បីបង្ហោះចែកចាយលើបណ្តាញសង្គម។
មិនតែប៉ុណ្ណោះ នាងជានាថការនីរបាំបុរាណតែម្នាក់គត់ ដែលបានគ្រងឈុតអប្សរាអង្គរខ្មែរហើយរាំនៅលើភ្នំទឹកកកប្រទេសនូវែលហ្សេឡង់ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា សូម្បីតែ trend ដែលគេពេញនិយមធ្វើលើបណ្តាញសង្គម ក៏ Kon Ant តាមទាន់មិនឱ្យរបូតមួយណាឡើយ។ ផ្ទុយទៅវិញ នាងមានតែចំណាយពេលវេលា និងថវិកាបង្កើតមាតិកាតាម trend ល្បីៗទាំងនោះ ដើម្បីប្រម៉ូតពីអត្ថសញ្ញាណខ្មែរឱ្យពិភពលោកបានស្គាល់៕