ស្នេហាកំពុងល្អូកល្អឺន រឿន ណាត និង វេងហួរ មិនចង់មានឈ្មោះត្រឹមសង្សារ តែចង់ដើរផ្លូវអនាគតរួមគ្នា
- 2024-08-08 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាកំពុងល្អូកល្អឺន រឿន ណាត និង វេងហួរ មិនចង់មានឈ្មោះត្រឹមសង្សារ តែចង់ដើរផ្លូវអនាគតរួមគ្នា
ចន្លោះមិនឃើញ
គូស្នេហ៍បវរកញ្ញា-បុរសឯក កញ្ញា រឿន ណាត និងលោក លាវ វេងហួរ កាន់តែស្អិតរមួតឡើងរាល់ថ្ងៃ ហើយជារឿយៗគេរមែងឃើញគូស្នេហ៍ថ្មីថ្មោងនេះបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រស្ទើរលើសជាតិស្ករតាមភាពផ្អែមល្អែមរបស់អ្នកទាំងពីរ។
មិនយូរប៉ុន្មាន ការទន្ទឹងរង់ចាំរបស់គូស្មេហ៍ដ៏ផ្អែមល្អែមក៏បានមកដល់ នោះគឺការសម្ភោធខ្សែភាពយន្តខ្នាតធំ «អ្នកម្តាយ Zombie» ជាភាពយន្តដែលធ្វើឱ្យអ្នកទាំងពីរសារភាពស្នេហ៍ដាក់គ្នា ហើយក៏បានក្លាយជាគូស្នេហ៍រហូតដល់សព្វថ្ងៃនេះ។
ផ្តល់បទសម្ភាសន៍លើកម្រាលព្រំក្រហមនៃពិធីសម្ភោធខ្សែភាពយន្តខ្នាតធំនេះ រឿន ណាត និងគូស្នេហ៍បុរសឯក ប្រាប់មិនលាក់លៀមថា អ្នកទាំងពីរប៉ះក្រសែភ្នែកគ្នាដោយសារថតខ្សែភាពយន្តនេះ ពោលគឺស្នេហាបែបឃើញភ្លាមស្រលាញ់ភ្លែតតែម្តង។ ដោយភាគីខាងស្រីជាអ្នកចាប់អារម្មណ៍មុន តែខាងប្រុសជាអ្នកហ៊ានផ្តោះផ្តងស្នេហា ដោយពុំគិតថា អាចស្រវាផ្កាមួយទងនេះមកកាន់ក្នុងដៃបានឡើយ។ តែផ្ទុយស្រឡះ រឿន ណាត និង លាវ វេងហួរ បើកភ្លើងខៀវឱ្យគ្នាទៅវិញទៅមក រហូតបង្កើតបានទំនាក់ទំនងស្នេហាផ្អែមល្អែមដូចសព្វថ្ងៃនេះ។
កំលោះសង្ហា លាវ វេងហួរ សារភាពចំៗថា ពេលនេះអ្នកទាំងពីរ គឺជាគូរស្នេហ៍គ្នា ហើយក៏មានគម្រោងផែនការចង់បង្កើតអនាគតជាមួយគ្នាផងដែរ គ្រាន់តែបណ្តោយតាមពេលវេលាបែបនេះសិន ដោយសារអ្នកទាំងពីរចង់ពញ្ញាក់អារម្មណ៍ហ្វេនៗ ក៏ដូចជាពញ្ញាក់អារម្មណ៍ភាគីខាងស្រីកុំឱ្យដឹងខ្លួនមុនផងដែរ។
ទោះពុំដឹងច្បាស់ថាពេលណា តែ Mister Friendship International 2023 អះអាងយ៉ាងម៉ឺងម៉ាត់ថា ស្នេហាអ្នកទាំងពីររឹងមាំ ហើយមានភាពវិជ្ជមានល្អសម្រាប់ផែនការថ្ងៃអនាគត។
ថ្វីបើអនាគតជារឿងមើលមិនឃើញ តែបវរកញ្ញារូបស្រស់ រឿន ណាត ប្តេជ្ញារក្សាចំណងស្នេហ៍នេះឱ្យល្អបំផុត ស័ក្កសមភាពស្មោះត្រង់ សេចក្តីទុកចិត្តដែលគូស្នេហ៍បានផ្តល់ឱ្យនាង ខណៈដែលកំលោះសង្ហា វេងហួរ តាំងចិត្តយកបវរកញ្ញារូបស្រស់នេះជាអ្វីដែលសំខាន់ក្នុងជីវិតរបស់លោកបាត់ទៅហើយ។
រវាងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ពុំមានភាពប្រច័ណ្ឌចំពោះគ្នាឡើយ ដោយសារអ្នកទាំងពីរទុកចិត្តគ្នាទៅវិញទៅមក។ ម៉្យាងស្នេហាដែលមានឱ្យគ្នានាពេលនេះ គឺការផ្តល់កម្លាំងចិត្ត ភាពវិជ្ជមានឱ្យគ្នាទៅវិញទៅមក៕