លៀក លីដា មិនច្បាស់ទេលើវិស័យផ្សេងដែលជាអំណាចរឹង តែលោកច្បាស់ពី Soft power កម្ពុជា អាចប្រជែងជាមួយពិភពលោកក្នុងរយៈពេលដ៏ខ្លី

  • 2024-08-10 04:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករដ៏មានឥទ្ធិពលក្នុងវិស័យភាពយន្ដ និងជាចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា បានបង្ហើបនូវគន្លឹះមួយចំនួនពីការប្រើប្រាស់Soft power ដើម្បីទាញយប្រយោជន៍សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៍ សម្រាប់ប្រទេសជាតិ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នេះ លោក លៀក លីដា បានអះអាងថា បើនិយាយពីការងារ ឬវិស័យផ្សេងៗដែលជាអំណាចរឹង គឺលោកមិនច្បាស់ឡើយ ប៉ុន្ដែលោកដឹងច្បាស់ណាស់ថា Soft power របស់ប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយនឹងប្រទេសជុំវិញពិភពលោកបានក្នុងរយៈពេលយ៉ាងខ្លី ដោយយោងទៅលើកម្ពុជាជាប្រទេសវប្បធម៌យូរលង់ និងអរិយធម៌ដ៏សម្បូរបែប។

ទន្ទឹមគ្នានឹងការបង្ហាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួននេះ រូបលោកផ្ទាល់ក៏ប្រាថ្នាចង់បានឱកាសជួបសម្ដែងការគួរសមជាថ្មីជាមួយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត។ លោកថាក្នុងគ្រានោះហើយដែលលោកអាចរាយការណ៍ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំប្រទេសអំពីវិស័យសិល្បៈភាពយន្ត ចំរៀងក៏ដូចជាវប្បធម៌ដែលជាច្រកទ្វារយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ Soft Power។

លោក លៀក លីដា៖ “សម្រាប់ខ្ញុំផ្ទាល់ គ្មានអ្វីក្រៅពីការចូលរួម ជាមួយនឹង រដ្ឋាភិបាលក្នុងការ ពង្រឹង និងពង្រីកអំណាចទន់ដែលយើងហៅថា Soft Power ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជុំវិញពិភពលោកឡើយ។ ខ្ញុំបាទពីវិស័យឯកជនដែលបម្រើលើវិស័យភាពយន្ត ខ្ញុំពិតជាចង់មានឱកាសបានជួប សំណេះសំណាលសម្តែងការគួសមជាមួយនឹងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ម្ដងទៀត”។

សូមរំលឹកជូនថា លោក លៀកលីដា ក្នុងនាមជាប្រធានសមាគមផលិករភាពយន្ដខ្មែរ ទទួលបានឱកាសជួបសម្ដែងការគួរសម និងពិសារអាហារសាមគ្គីចំនួន២លើករួចមកហើយក្នុងពេលថ្មីៗនេះ។ លើកទី១ បានជួបក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី និងលើកទី២ តាមរយៈសមាគមសិល្បករខ្មែរបានចូលជួបសម្ដែងការគួរសមដោយផ្ទាល់ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ សម្រាប់លើកនេះលោកមានបំណងចង់ជួបសម្ដេចដោយផ្ទាល់ម្ដងទៀត ក្នុងនាមជាសមាគមផលិតករភាពយន្ដខ្មែរ៕

ជិន សុភ័ក្ដ្រ