ម៉ែន និមលរតន៍ បង្ហាញលក្ខណៈពិសេសនៃការប្រកួត Miss Cambodia 2024 ខណៈបេក្ខភាពផ្លូវការសុទ្ធតែលេចធ្លោរៀងខ្លួន
- 2024-08-12 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ែន និមលរតន៍ បង្ហាញលក្ខណៈពិសេសនៃការប្រកួត Miss Cambodia 2024 ខណៈបេក្ខភាពផ្លូវការសុទ្ធតែលេចធ្លោរៀងខ្លួន
ចន្លោះមិនឃើញ
សមភូមិប្រកួតដ៏ក្តៅគគុកនៃកម្មវិធី Miss Cambodia 2024 កំពុងចាប់ផ្តើមហើយ បន្ទាប់ពីក្រុមហ៊ុន Cambodia International Models (CIM) រៀបចំពិធីសន្នីសិទសារព័ត៌មានបង្ហាញបេក្ខភាពផ្លូវការទាំង ២១រូប កាលពីល្ងាចថ្ងៃទី៩ ខែសីហា នៅបរិវេនជាន់ផ្ទាល់ដីនៃផ្សារទំនើបអូឡាំព្យាម៉ល។
សោភារូបស្រស់ទាំង ២១រូប បានធ្វើការណែនាំខ្លួនក្នុងឈុតរ៉ូបពណ៌សក្បុស អមដោយការនិយាយជាសាធារណៈអំពីមតិតស៊ូ (Advocacy) របស់លើប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗគ្នា។ អ្វីដ៏គួរឱ្យចាប់អារម្មណ៍ គឺការបំពាក់ឆៀងជូនបេក្ខភាពផ្លូវការក្នុងឈុតអាវធំចម្រុះពណ៌ដ៏ស្រស់ឆើតឆាយ។
លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន CIM បានឱ្យដឹងថា ឆ្នាំនេះយើងទទួលបានបេក្ខនារីដាក់ពាក្យប្រកួតប្រមាណ៤០នាក់ តែក្រោយឆ្លងកាត់វគ្គជម្រុះ និងការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការជំនាញ យើងចម្រាញ់បានបេក្ខភាពផ្លូវការចំនួន ២១រូប ដែលនឹងមកប្រជែងសមត្ថភាពលើវេទិកា Miss Cambodia 2024 ដើម្បីក្លាយជាម្ចាស់មកុដដ៏មានតម្លៃ។
យើងប្រមូលបានបេក្ខភាពមានប្រភពមកពីកន្លែងផ្សេងៗគ្នា រួមទាំងអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិកផងដែរ។ ដ្បិតតែឆ្នាំនេះយើងមានបេក្ខភាពមុខថ្មីច្រើនក៏ពិតមែន តែសម្រស់ និងសមត្ថភាពរបស់ពួកគេខ្លាំងម៉្យាងម្នាក់ សូម្បីការជ្រើសរើមតិតស៊ូក៏ល្អប្រសើរដែរ។
មិនខុសពីឆ្នាំមុនៗ ចូលកងប្រកួតភ្លាមបេក្ខភាពផ្លូវការទាំង២១រូប នឹងចាប់ផ្តើមចេញបំពេញបេសកម្មផ្សេងៗតាមការរៀបចំរបស់ CIM ដូចជា៖ ការងារសប្បុរសធម៌ , ដំណើរទស្សនកិច្ចតំបន់ទេសចរណ៍ដ៏មានសក្កានុពលក្នុងរាជធានីភ្នំពេញ , ការប្រូម៉ូតផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ , ទស្សនកិច្ចអ្នកសហការឧបត្ថម្ភ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
រឹតតែពិសេស ឆ្នាំនេះ CIM រៀបចំឱ្យមានវគ្គសិក្សាខ្លីៗពី ការនិយាយជាសាធារណៈ និងមតិតស៊ូ , ការចែករំលែកពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) , វគ្គសម្រិតសម្រាំងកាយ , ការបង្កើនទំនុកចិត្តឱ្យខ្លួនឯង និង ការ make up ជាដើម ដើម្បីប្រាកដថា ម្ចាស់ជយលាភីជាបុគ្គលមានសមត្ថភាពពិតប្រាកដស័ក្កសមអ្នកតំណាងប្រទេសកម្ពុជា។ ក្នុងនោះ ក៏នឹងមាន Keyword Competition សម្រាប់ល្បងសមត្ថភាពដល់បេក្ខភាព Miss Cambodia 2024។
ជាមួយគ្នានោះផងដែរ លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងគ្រឿងអលង្ការពេជ្រ CSNJ សម្តែងក្តីរីករាយក្រោយឃើញការបង្ហាញសមត្ថភាពរបស់បេក្ខភាពផ្លូវការទាំង ២១រូប។ លោកជឿជាក់ថា យើងនឹងអាចរើសបានបេក្ខភាពដ៏មានគុណភាពដើម្បីតំណាងកម្ពុជាលើឆាកអន្តរជាតិ ហើយបើឆ្នាំនេះបវរកញ្ញាកម្ពុជាអាចចូលដល់វគ្គ Top ចុងក្រោយមែន ទោះពិតជាស្ងប់ចិត្តមិនខានឡើយ។ ក្នុងនាមជាអ្នកវិនិយោគក្នុងវិស័យ beauty pageant អ្វីដែលលោកចង់បានគឺបេក្ខភាពដែលមានសមត្ថភាពពិតប្រាកដ ស្រស់ស្អាត មានភាពរហ័សរហួនអាចបត់បែនគ្រប់កាលៈទេសៈ។
សូមជម្រាបថា ជយលាភី Top 3 ពីការប្រកួត Miss Cambodia 2024 នឹងត្រូវជ្រើសតាំងជាបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ៣ផ្សេងគ្នា រួមមាន៖ រួមមាន៖ Miss International 2024 នៅប្រទេសជប៉ុន , Miss Charm 2024 នៅវៀតណាម និង Miss CosmoWorld 2024 នៅម៉ាឡេស៊ី។ លោកអ្នកអាចតាមដានគ្រប់សកម្មភាពនៃដំណើរការប្រកួតរបស់ Miss Cambodia 2024 លើទំព័រហ្វេសប៊ុក Miss Cambodia និង Cambodia International Models៕