វណ្ណដា៖ ជោគជ័យថ្មីលើទឹកដីបារាំង ជាឱកាសដ៏កម្រ មួយជីវិតរបស់លោកអាចមានតែម្ដងគត់
- 2024-08-14 03:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណដា៖ ជោគជ័យថ្មីលើទឹកដីបារាំង ជាឱកាសដ៏កម្រ មួយជីវិតរបស់លោកអាចមានតែម្ដងគត់
ចន្លោះមិនឃើញ
តារាចម្រៀងរ៉េប វណ្ណដា ដែលទើបធ្វើឲ្យព្រឹត្ដិការណ៍បិទបញ្ជប់ នៃកីឡាអូឡាំពិកនៅប្រទេសបារាំងកាន់តែកក្រើក តាមរយៈបទខ្មែរ គឺ "Time to rise” បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ។
ភ្លាមៗ ក្រោយចុះពីយន្ដហោះអមដោយប្រតិភូកីឡា និងមិត្ដសិល្បៈមួយចំនួន លោក វណ្ណដា បានផ្ដល់បទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មាននៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។ លោកបញ្ជាក់ថា “Time to rise” គឺជាបទដែលលោកសម្រេចចិត្ដលើកយកទៅច្រៀងនៅក្នុងព្រឹត្ដិកាណ៍នោះដោយខ្លួនឯង ពោលគឺមិនមែនជាការកំណត់ដោយគណៈកម្មការអូឡាំពិកនោះទេ។
វណ្ណដា៖ “ខ្ញុំមានមោទនភាពដែលបានលើកទង់ជាតិខ្មែរ ច្រៀងជាភាសាខ្មែរទៅកាន់ពិភពលោកក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ ហើយនេះខ្ញុំអាចនិយាយបានថាជាឱកាសមានតែម្ដងគត់ក្នុងមួយជីវិតក៏ថាបាន ព្រោះមិនដឹងថាពេលណាមានឱកាសល្អដូចនេះទៀតទេ”។
បើតាមតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពរូបនេះ បទ “Time to rise” ដែលស្រែកច្រៀងនៅលើវេទិកាអន្ដរជាតិដ៏ធំមួយនេះ គឺលោកធ្វើដើម្បីឧទ្ទិសដល់លោកតាគង់ ណៃ ផង និងដើម្បីឲ្យអន្ដរជាតិស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យរបស់កម្ពុជា។ លោកចាត់ទុកថា នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាលោកតា គង់ ណៃ និងប្រជាជាតិកម្ពុជាទាំងមូល។
សូមរំលឹកថា ពិធីបិទបញ្ចប់ នៃព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលធ្វើឡើងនៅលើទឹកដីបារាំង ទើបបញ្ចប់ទៅដោយបន្សល់នូវជោគជ័យ និងស្នាមញញឹមជាច្រើនពីបណ្ដាប្រទេសដែលបានចូលរួម។ ពិធីកំពុងដំណើរការ ស្រាប់តែសំឡេងរបស់ វណ្ណដា ឮឡើងយ៉ាងគ្រលួច ពីរោះរណ្ដំចិត្ដ ធ្វើឲ្យអ្នកចូលរួមអបអរក្នុងព្រឹត្ដិកាណ៍នោះស្រែកហ៊ោកញ្ជៀវគ្រប់គ្នា ជាពិសេសអនិកជនខ្មែររស់នៅប្រទេសបារាំង៕