ផ្ទួនៗ! បិសាចក្រហម ជិតទិញបានខ្សែបម្រើមួយទៀតហើយ
- 2024-08-14 12:28:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទួនៗ! បិសាចក្រហម ជិតទិញបានខ្សែបម្រើមួយទៀតហើយ
ចន្លោះមិនឃើញ
ក្រោយទើបផ្ទេរចូលខ្សែការពារ Matthijs de Ligt និង ខ្សែការពារស្លាប Noussair Mazraoui ពី Bayern Munich ក្លឹប Manchester United ជិតទិញបានខ្សែបម្រើអ៊ុយរ៉ាហ្គាយ Manuel Ugarte ពី Paris Saint Germain។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថា ភាគី Manchester United និង ភាគីកីឡាករ Ugarte បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចអស់ទៅហើយ នៅឡើយតែការចរចាគ្នារឿងតម្លៃផ្ទេរប៉ុណ្ណោះរវាងបិសាចក្រហម និងក្លឹប PSG។ កាសែត Daily Mail បានអះអាងតម្លៃផ្ទេរនេះស្ថិតក្នុងចន្លោះប្រមាណ ៧៦ លានដុល្លារសហរដ្ឋអាមេរិក។ បិសាចក្រហមចង់ឲ្យ PSG ចុះថ្លៃជាងនេះ។
Ugarte មានវ័យ ២៣ ឆ្នាំ ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបយក្សបារាំង។ កាលពីរដូវកាលកន្លងទៅ កីឡាករលេងសរុបឲ្យក្លឹបចំនួន ៣៧ ប្រកួត។ មុនមកលេងឲ្យ PSG កីឡាករមានបទពិសោធន៍លេងចំនួន ២ រដូវកាលឲ្យក្លឹបព័រទុយហ្គាល់ Sporting CP ហើយលេងនៅទីនោះសរុប ៨៥ ប្រកួត។
តាមរបាយការណ៍ចុងក្រោយ Ugarte បាននិងកំពុងជម្រុញឲ្យ PSG មានអារម្មណ៍វិជ្ជមានជាងមុន ក្នុងការចរចាជាមួយបិសាចក្រហមរឿងតម្លៃផ្ទេរ ព្រោះកីឡាករចង់មកចូលរួមជាមួយក្លឹបអង់គ្លេសក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik Ten Hag។
Manchester United ក្រោមការដឹកនាំរបស់សហម្ចាស់ថ្មី បានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការនាំចូលកីឡាករក្នុងទីផ្សារដោះដូរកីឡាករលើកនេះ។ បើធៀបនឹងក្លឹបធំៗនៅអង់គ្លេស និងនៅអឺរ៉ុប បិសាចក្រហមមានភាពសកម្មជាងគេក្នុងការផ្ទេរចូលកីឡាករនារដូវកាលដោះដូរនេះ។
កាលពីខែមុន ក្លឹបបាននាំចូលខ្សែប្រយុទ្ធសញ្ជាតិហុល្លង់វ័យ ២៣ ឆ្នាំ Joshua Zirkzee ក្នុងតម្លៃផ្ទេរជិត ៤៥ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹបអ៊ីតាលី Bologna។ Zirkzee ចុះកុងត្រា ៥ ឆ្នាំ ជាមួយក្លឹប Manchester United ហើយមានលទ្ធភាពតមួយឆ្នាំបន្ថែមទៀត បើមានការព្រមព្រៀងរវាងភាគីទាំងពីរ។ បន្តិចក្រោយមក Man Utd ក៏ទិញបានខ្សែការពារ របារាំង Leny Yoro ពីក្លឹប Lille ក្នុងតម្លៃផ្ទេរប្រមាណ ៧០ លានដុល្លារសហរដ្ឋអាមេរិក។ Yoro មានវ័យ ១៨ ឆ្នាំ តែបានបង្ហាញសមត្ថភាពធ្វើជាកីឡាករឈុតធំទៅហើយឲ្យក្លឹប Lille ដោយបានបង្ហាញខ្លួនដល់ទៅ ៤៤ ប្រកួត និងស៊ុតចូល ៣ គ្រាប់ឲ្យក្លឹបកាលពីរដូវកាលមុន។
លើសពីនេះ កាលពីម្សិលមិញ ក្លឹបទើបធ្វើបានសម្រេចក្នុងនាំចូល De Ligt និង Mazraoui ក្នុងតម្លៃផ្ទេរសរុបជាង ៧០ លានដុល្លារសហរដ្ឋអាមេរិក។ កីឡាករទាំងពីរសុទ្ធតែមានកុងត្រារយៈពេលវែងជាមួយបិសាចក្រហម។
មួយវិញទៀត ក្លឹបជិតធ្វើបានសម្រេចក្នុងការតកុងត្រាថ្មី ឲ្យកីឡាករឆ្នើមប្រចាំក្លឹប ខ្សែបម្រើប្រយុទ្ធវ័យ ២៩ ឆ្នាំ Bruno Fernandes រហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសតដល់ឆ្នាំ ២០២៨។ បើមិនមានអ្វីប្រែប្រួល កុងត្រាថ្មីនេះនឹងត្រូវបានចុះហត្ថលេខានាពេលឆាប់ៗ មុនបិទបញ្ចប់រដូវកាលដោះដូរកីឡាករនាដំណាច់ខែនេះ៕