ផ្លូវជាតិចំនួន២ខ្សែ​ ដែលការសាងសង់​នៅ​សល់តែ ១០%ទៀតប៉ុណ្ណោះ នឹងរួចរាល់ទាំងស្រុង

  • 2024-08-15 08:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកត្រឹមចុងខែកក្កដា ឆ្នាំ​២០២៤ ផ្លូវជាតិចំនួន២ខ្សែ គឺផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ១០ សម្រេច​ការសាងសង់ជិតរួចរាល់ហើយ ដោយនៅសល់តែ ១០% ទៀតតែប៉ុណ្ណោះ។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៩០,៨៤%ហើយ។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំណែកគម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប​ ១៩៨ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ( (សំឡូត-វាលវែង-កោះកុង)។

គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ជាមួយគ្នានេះ ស្ពាន​​ខ្ពស់ជាងគេ​នៅកម្ពុជា ដែល​ជាផ្នែកមួយ​នៃ​គម្រោងផ្លូវជាតិលេខ១០នេះ គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុងនៅពាក់កណ្តាល​ឆ្នាំ២០២៥ ផងដែរ។ ស្ពាន​នេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ឆ្លងកាត់​ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី