នៅលើពិភពលោក តើចំនួនមនុស្សប្រុស ឬ មនុស្សស្រីច្រើនជាង?
- 2024-08-15 11:34:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅលើពិភពលោក តើចំនួនមនុស្សប្រុស ឬ មនុស្សស្រីច្រើនជាង?
ចន្លោះមិនឃើញ
ពិភពលោកនាពេលបច្ចុប្បន្ននេះមានចំនួនប្រជាជនសរុបប្រមាណ ៨,២ប៊ីលាននាក់។ នេះបើតាមការចងក្រងទិន្នន័យចំនួនប្រជាជនរបស់គេហទំព័រ countrymeters។
បើតាមប្រភពដដែលនេះដែរ ចំនួនប្រជាជនភេទប្រុស និងភេទស្រីមានប្រហាក់ប្រហែលគ្នា។ យ៉ាងណាមិញ ចំនួនមនុស្សប្រុសមានចំនួនប្រមាណ ៥០,៥% ចំណែកឯមនុស្សស្រីវិញមានចំនួន ៤៩,៥%។ ទោះជាអត្រាខុសគ្នាតែ ០.៥%នេះទេ តែចំនួនពិតប្រាកដវិញនោះ មនុស្សប្រុសមានចំនួនច្រើនជាងមនុស្សស្រីប្រមាណ ១០០លាននាក់ឯណោះ។
គេហទំព័រ World Population Review បានចុះផ្សាយថា នៅលើពិភពលោកយើងនេះ ប្រទេសដែលមានអត្រាមនុស្សប្រុសច្រើនជាងគេគឺ ប្រទេសកាតា។ ប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះមានចំនួនប្រជាជនខ្ទង់ ២,៧លាននាក់ ប៉ុន្តែចំណោមមនុស្សស្រី ១០០នាក់ មានមនុស្សប្រុសរហូតដល់ទៅ ២៦៦នាក់។
អត្រានេះមានភាពស្រដៀងៗគ្នានៅស្រុកអារ៉ាបស្ទើរតែទាំងអស់។ នៅរាជាណាចក្រអារ៉ាបរួម ឬ ប្រទេសដែលមានទីក្រុងមួយឈ្មោះថា ទីក្រុងឌូបៃ មានប្រុស ២២៨នាក់ ចំណោមស្រី ១០០នាក់។ នៅបារ៉ែន អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតវិញមានអត្រាស្រដៀងៗគ្នា ដោយចំណោមមនុស្សស្រី ១០០នាក់មានមនុស្សប្រុសរហូតដល់ទៅខ្ទង់ ១៣០ ទៅ ១៦០នាក់។
ចំណែកប្រទេសដែលមានអត្រាមនុស្សស្រីច្រើនជាងគេវិញរួមមាន អាមេនី អ៊ុយក្រែន ហុងកុង បេឡារុស និងរុស្ស៊ី ដែលមានអត្រាមនុស្សស្រីអំឡុង ៥៣ ទៅ ៥៥%នៃប្រជាជនសរុបក្នុងប្រទេស និងដែនដីទាំងនោះ។
ងាកមកស្រុកខ្មែរវិញ បើតាម Countrymeters យើងមានចំនួនប្រជាជនខ្ទង់ ១៧លាននាក់ ដោយក្នុងនោះមានប្រជាជនភេទស្រីចំនួន ៩,១លាននាក់ ចំណែកឯប្រុសវិញមានចំនួន ៨,៧លាននាក់៕