Joao Felix បានផ្លាស់មកកាន់ Chelsea ជាផ្លូវការ
- 2024-08-21 12:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joao Felix បានផ្លាស់មកកាន់ Chelsea ជាផ្លូវការ
ចន្លោះមិនឃើញ
ខ្សែស្លាប Joao Felix បានធ្វើការផ្លាស់ពីក្លឹប Atletico Madrid មកកាន់ក្លឹប Chelsea ជាផ្លូវការនៅក្នុងថ្ងៃនេះសម្រាប់រដូវកាលឆ្នាំ២០២៤/២៥នេះ។
កីឡាករនេះបានចុះកុងត្រារយៈពេលវែងជាមួយនឹងក្លឹបតោខៀវនេះដោយមានកុងត្រារហូតទៅដល់ឆ្នាំ២០៣១។
សារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយពីពាក្យចចាមអារ៉ាមនេះជាច្រើនអាទិត្យមកហើយថា គេនឹងផ្លាស់មកកាន់ក្លឹបនៅ Premier League មួយនេះ។
តាមពិតទៅ Felix ធ្លាប់ទៅលេងឲ្យ Chelsea បានកន្លះឆ្នាំដោយទៅលេងក្នុងលក្ខខណ្ឌខ្ចីជើង កាលពីឆ្នាំ២០២៣កន្លងទៅនេះ។
កីឡាកររូបនេះធ្លាប់ជាកីឡាករ ដែលមានតម្លៃខ្លួនរហូតទៅដល់រយលានដុល្លារកាលពីប៉ុន្មានឆ្នាំមុន។ ជាពិសេសកាលពីឆ្នាំ២០២១កន្លងទៅនេះ គេធ្លាប់មានតម្លៃខ្លួនជាង ១០០លានដុល្លារ ដោយមានក្លឹបជាច្រើនចង់បាន។
ទោះជាយ៉ាងណា អ្វីៗចាប់ប្រែប្រួលចាប់ពីចុងឆ្នាំ ២០២២ មក។ មុនព្រឹត្តិការណ៍ World Cup ២០២២ កីឡាករ Joao Felix ត្រូវបានសង្កេតឃើញថា មានបញ្ហាជាមួយគ្រូបង្វឹកក្លឹប Atletico លោក Diego Simone។ លោក Simone មិនចាត់ទុក Felix ជាកីឡាករបង្គោលទៀតឡើយ ដោយលោកទម្លាក់តំណែងរបស់កីឡាករព័រទុយហ្គាល់ត្រឹមជាខ្សែប្រយុទ្ធបម្រុង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់បង្ហាញសញ្ញាមិនសប្បាយចិត្តនឹងគ្នាកាលពីពេលកន្លងមក។ មិនមានសារព័ត៌មានណាមួយអាចអះអាងបានទេថា អ្នកទាំងពីរមានបញ្ហាជាមួយគ្នារឿងអ្វីនោះឡើយ។
ក្រោយមានបញ្ហានៅ AT Madrid ខ្សែប្រយុទ្ធ Felix ក៏ទៅលេងឲ្យ Chelsea ក្នងនាមជាកីឡាករខ្ចីជើងបាន ៦ ខែ ពីខែមករា ដល់មិថុនា ២០២៣។ នៅតោខៀវ កីឡាករព័រទុយហ្គាល់រូបនេះលេងសរុប ២០ ប្រកួត និងស៊ុតចូល ៤ គ្រាប់។
ក្រោយមក កាលពីរដូវកាលឆ្នាំ២០២៣/២៤កន្លងទៅនេះ Barcelona ក៏បានខ្ចីជើង Felix មួយរដូវកាលពី AT Madrid។ ខ្សែប្រយុទ្ធរូបនេះបានចូលលេង ៤៤ប្រកួត និងស៊ុតចូល១០គ្រាប់។ Felix ចង់ក្លាយជាកីឡាករពេញសិទ្ធិឲ្យ Barca តែដោយក្លឹបមានបញ្ហាហិរញ្ញវត្ថុ បំណងនេះក៏មិនបានសម្រេច ហើយត្រូវត្រលប់មក AT Madrid វិញ។
យ៉ាងណាអ្វីៗត្រូវបានបញ្ចប់នៅថ្ងៃនេះដោយ Felix បានក្លាយជាកីឡាករពេញសិទ្ធិរបស់ Chelsea៕