ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង! ក្រសួងថា ដាច់ខាតត្រូវពន្លឿនការសាងសង់ ពេលរដូវប្រាំងខាងមុខចូលមកដល់
- 2024-08-22 02:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង! ក្រសួងថា ដាច់ខាតត្រូវពន្លឿនការសាងសង់ ពេលរដូវប្រាំងខាងមុខចូលមកដល់
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ក្នុងខេត្តកោះកុង សម្រេចបានជាង ៦៤,០៥ %ហើយ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្ដែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារ គ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារដាច់ខាត និងពិស្តារ សំដៅពន្លឿនការងារសាងសង់សម្រាប់រដូវប្រាំងខាងមុខនេះ ឱ្យសម្រេចបានតាមគម្រោងផែនការ បញ្ចប់ការដ្ឋានសាងសង់ផ្លូវ ខែឧសភា ឆ្នាំ២០២៥។
ផ្លូវជាតិមួយខ្សែនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង១១៨,៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩,៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោងចំណាយថវិកាសរុបប្រមាណ ៨៤,៦៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕