ចុះពិនិត្យតម្រាយផ្លូវទឹកនៃព្រែកជីកហ្វូណនតេជោ ចាប់ពីព្រែកតាហ៊ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបុរី ស្ទឹងអូរកែវ ដល់ព្រំដែនកម្ពុជា-វៀតណាម និងទីតាំងសង់សន្ទះផ្លូវទឹក
- 2024-08-26 07:22:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុះពិនិត្យតម្រាយផ្លូវទឹកនៃព្រែកជីកហ្វូណនតេជោ ចាប់ពីព្រែកតាហ៊ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបុរី ស្ទឹងអូរកែវ ដល់ព្រំដែនកម្ពុជា-វៀតណាម និងទីតាំងសង់សន្ទះផ្លូវទឹក
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”។
គោលបំណងនៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។
គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។ បន្ទាប់មកទៀតគណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។
បេសកកម្មនេះធ្វើឡើងដើម្បីបញ្ជាក់អោយបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ និងបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយ ពេលវេលា ចម្ងាយ ថវិកា នីតិវិធីសម្រាប់នាវានិងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនផ្លូវទឹកតាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយ ដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវថ្នល់។
ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។
ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន