អាងទឹកដងកាំបិត ក្រោយពេលសង់រួច នឹងស្រោចស្រពលើផ្ទៃដីជាង ១៣ម៉ឺនហិកតា ក្នុងស្រុកចំនួន៥នៅខេត្តកំពង់ធំ
- 2024-08-27 02:38:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាងទឹកដងកាំបិត ក្រោយពេលសង់រួច នឹងស្រោចស្រពលើផ្ទៃដីជាង ១៣ម៉ឺនហិកតា ក្នុងស្រុកចំនួន៥នៅខេត្តកំពង់ធំ
ចន្លោះមិនឃើញ
កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន(EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ និងទី២)សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ជាពិសសការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នែកឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ដែលជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៤១,៨១%។ ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ៥,៤តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម