BYD ខ្លាំងលក់ដាច់ជាងគេមែន ប៉ុន្តែកំពុងត្រូវបានក្រុមហ៊ុនចិនគ្នាឯងមួយទៀត ចេញ EV ថ្មីកាន់តែធូរថ្លៃហើយបើកបានដល់ជាង ៥០០គ.ម
- 2024-08-28 04:06:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BYD ខ្លាំងលក់ដាច់ជាងគេមែន ប៉ុន្តែកំពុងត្រូវបានក្រុមហ៊ុនចិនគ្នាឯងមួយទៀត ចេញ EV ថ្មីកាន់តែធូរថ្លៃហើយបើកបានដល់ជាង ៥០០គ.ម
ចន្លោះមិនឃើញ
ថ្វីត្បិតតែបច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុន អាមេរិក និងអឺរ៉ុប ពិបាកប្រកួតប្រជែងរថយន្តអគ្គិសនីជាមួយក្រុមហ៊ុនចិន BYD ក៏ពិតមែន ប៉ុន្តែ BYD បែរជាត្រូវប្រឈមមុខនឹងក្រុមហ៊ុនចិនដូចគ្នាទៅវិញ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអគ្គិសនីចិន Xpeng បានបញ្ចេញរថយន្តថ្មីជាម៉ូឌែលលំដាប់ថវិកាដំបូង ក្រោមប្រេនថ្មីរបស់ខ្លួន Mona គឺម៉ូឌែល Mo3 ជាប្រភេទស៊ីដេន។ រថយន្តនេះ ក្លាយជាគូប្រជែងដ៏ស្រួចស្រាលរបស់រថយន្ត BYD ដោយបំពាក់ប្រព័ន្ធជំនួយបើកបរស្វ័យប្រវត្តិ និងមានចម្ងាយបើកបររហូតដល់ជាង ៥០០គីឡូម៉ែត្រក្នុងពេលសាកពេញម្តង ជាពិសេសគឺតម្លៃដ៏ធូរថ្លៃ ត្រឹមតែជាង ១ម៉ឺន ៦ពាន់ដុល្លារ។
លោក He Xiaopeng នាយកប្រតិបត្តិ Xpeng បានបញ្ជាក់ថា រថយន្តថ្មីនេះគឺឆ្លុះបញ្ចាំងពីគោលដៅវែងឆ្ងាយរបស់ក្រុមហ៊ុននៃការផលិតរថយន្តអគ្គិសនីស្វ័យប្រវត្តិ សម្រាប់អតិថិជនដែលមានកម្រិតថវិកា។
លោកបាននិយាយដូច្នេះថា៖ «យើងបានឃើញតម្រូវការខ្លាំងពីអ្នកទិញរថយន្តលើកដំបូង ដែលជាមនុស្សវ័យក្មេង និងមានថវិកាតិចជាង ១០ម៉ឺនយ័ន (១ម៉ឺន ៤ពាន់ដុល្លារ)។ យើងចង់សម្រេចបំណងប្រាថ្នារបស់ពួកគេនូវរថយន្តវៃឆ្លាត ដែលសមល្មមនឹងថវិការបស់ពួកគេ»។
នាពេលខាងមុខ រថយន្ត Mona អាចនឹងត្រូវអភិវឌ្ឍទៅជារថយន្តស្វ័យប្រវត្តិពេញលេញ ប៉ុន្តែតម្លៃដដែល ខណៈការអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុនកាន់តែជឿនលឿនរហ័ស ដែលជួយដល់ផលិតកម្មរបស់ខ្លួន៕