គម្រោង​ស្ពានទៅអរិយក្សត្រ ឈានចូលដល់ដំណាក់កាលដ៏សំខាន់​ ដើម្បីត្រៀមបើកការដ្ឋានសាងសង់

  • 2024-08-30 02:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២៤ថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត គឺអាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តម​បញ្ជាក់​ថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) បានបើកកិច្ចប្រជុំពិនិត្យ​បិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។

គម្រោងនេះ ជាប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប២៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។ ខ្សែទី១នៃស្ពាន៖ ចាប់ពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាប ចូលទៅកាន់ជ្រោយចង្វារ និងខ្សែទី២នៃស្ពាន៖ ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គ ចូលទៅអរិយក្សត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី