Arsenal កំពុងតាមដានស្ថានភាព Sterling
- 2024-08-30 13:30:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal កំពុងតាមដានស្ថានភាព Sterling
ចន្លោះមិនឃើញ
ក្លឹប Arsenal កំពុងពិចារណាក្នុងការផ្ទេរយកកីឡាករ Raheem Sterling ពីក្លឹបតោខៀវ Chelsea។
យោងតាមការចុះផ្សាយសារព័ត៌មានធំៗនៅអង់គ្លេស បានឲ្យដឹងថា ក្លឹបកាំភ្លើងធំកំពុងពិភាក្សាផ្ទៃក្នុង ដើម្បីពិនិត្យលទ្ធភាពផ្ទេរយក Sterling។ ក្លឹបកំពុងតាមដានស្ដានភាពរបស់ខ្សែស្លាបអង់គ្លេសរូបនេះនៅ Chelsea។
យ៉ាងនេះក្ដី គិតមកទល់ពេលនេះ កាំភ្លើងធំមិនទាន់ដាក់សំណើផ្ទេរជាផ្លូវការទៅ Chelsea នៅឡើយ។
ដំណឹងនេះកើតឡើងក្រោយអ្នកចាត់ការថ្មី Chelsea លោក Enzo Maresca បានបង្ហាញសញ្ញាច្បាស់ៗ ថាលោកមិនត្រូវការ Sterling ឡើយ។ តាំងពីចាប់ផ្ដើមរដូវកាល Premier League លោក Maresca មិនដែលដាក់ឈ្មោះ Sterling ក្នុងក្រុមតោខៀវ។
កីឡាករវ័យ ២៩ ឆ្នាំសញ្ជាតិអង់គ្លេស Sterling បានមកចូលរួមជាមួយតោខៀវកាលពីខែកក្កដាឆ្នាំ ២០២២ ក្នុងតម្លៃផ្ទេរជិត ៦០ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹប Manchester City។ ជាពិសេសក្រោមការដឹកនាំរបស់លោក Mauricio Pochettino កីឡាករបានក្លាយជាខ្សែស្លាបសំខាន់មួយរូបរបស់ក្លឹប។ ទោះជាយ៉ាងណា លោក Pochettino បានចែកផ្លូវជាមួយ Chelsea កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានបញ្ហាទាក់ទងនឹងទិសដៅ និងយុទ្ធសាស្ត្រដឹកនាំជាមួយម្ចាស់ក្លឹបតោខៀវ។ លោកត្រូវបានជំនួសដោយអតីតអ្នកចាត់ការក្លឹប Leicester City លោក Enzo Maresca។ លោក Maresca ចុះកុងត្រារយៈពេលវែង ៥ ឆ្នាំជាមួយក្លឹប។
លោក Maresca ជាអ្នកចាត់ការដែលផ្ដោតលើការអភិវឌ្ឍកីឡាករក្មេងៗជាធំ។ ហេតុនេះហើយ អ្នកវិភាគខ្លះលើកឡើងថា លោកអាចនឹងផ្ទេរចេញកីឡាករមួយចំនួនដូចជា Sterling ចេញ ដើម្បីបើកផ្លូវឲ្យកីឡាករក្មេងៗបានឱកាសលេងច្រើនជាងមុន ដែលស្របនឹងទិសដៅ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្លឹប៕