Suarez ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ជម្រើស​ជាតិ

  • 2024-09-03 13:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Luis Suarez បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ជម្រើស​ជាតិ។ ការ​ប្រកួត​ប៉ះ​ជាមួយ ប៉ារ៉ាហ្គាយ​នា​ចុង​សប្ដាហ៍​នេះ គឺ​ជា​ការ​ប្រកួត​ឲ្យ​អ៊ុយរ៉ាហ្គាយ​ជា​លើក​ចុង​ក្រោយ​របស់ Suarez។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​នេះ អតីត​ខ្សែ​ប្រយុទ្ធ Liverpoolនិង Barcelona កីឡាករ Suarez បាន​ប្រកាស​ថា រូប​គេ​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​ជម្រើស​ជាតិ​ហើយ ក្រោយ​ប្រកួត​ជាមួយ​ប៉ារ៉ាហ្គាយ។ កីឡាករ​បាន​និយាយ​ទាំង​ហូរ​ទឹក​ភ្នែក​ថា រូប​គេ​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​លេង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ។ ខ្សែ​ប្រយុទ្ធ​វ័យ ៣៧ ឆ្នាំ​រូប​នេះ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាជន​អ៊ុយរ៉ាហ្គាយ​ដែល​តែង​តែ​គាំទ្រ​រូប​គេ​កន្លង​មក។

Luis Suarez គឺ​ជា​រីរបុរស​បាល់ទាត់​របស់​អ៊ុយរ៉ាហ្គាយ។ កីឡាករ​បាន​ចូល​រួម​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​លេង​ឲ្យ​ក្រុម​សរុប ១៤២ ប្រកួត ស៊ុត​ចូល ៦៩ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​សរុប ៣៩ ដង។ កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​របស់​ Suarez ធ្វើ​ឲ្យ​រូប​គេ​គឺ​ជា​កីឡាករ​ដែល​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ។

និយាយ​ពី​បាល់ទាត់​អាជីព​វិញ Suarez កំពុង​លេង​ឲ្យ​ក្លឹប​អាមេរិក Inter Miami ចាប់​ពី​ឆ្នាំ ២០២៤ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​រូប​នេះ​លេង​សរុប ២៧ ប្រកួត និង​ស៊ុត​ចូល ២០ គ្រាប់។ មុន​មក​អាមេរិក កីឡាករ​ចំណាយ​ពេល​មួយ​រយៈ​លេង​ឲ្យ​ក្លឹប​នៅ​អ៊ុយរ៉ាហ្គាយ និង​ប្រេស៊ីល បន្ទាប់​ពី​ចំណាយ​ពេល​ជិត​ពេល​មួយ​អាជីព​ជាង ១៦ ឆ្នាំ លេង​នៅ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប រួម​មាន Ajax ក្លឹប Liverpool ក្លឹប Barcelona និង​ក្លឹប Atletico Madrid។ បើ​គិត​បាល់ទាត់​អាជីព Suarez លេង​សរុប ៨២៧ ប្រកួត និង​ស៊ុត​ចូល​ទី​ចំនួន ៥០៩ គ្រាប់៕

ប្រភព៖ theguardian   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី