កម្ពុជា គ្រោងសង់ផ្លូវកាត់ព្រៃភ្នំ១ខ្សែនៅខេត្តរតនគិរី លែងពឹងលើផ្លូវរបស់​គេ​

  • 2024-09-04 02:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកញ្ជូន ដឹកនាំដោយឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ បានបើកកិច្ចប្រជុំ​ជាមួយក្រុមហ៊ុន​សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៤ ដើម្បីពិនិត្យ​លើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម)។

គួរដឹងថា កន្លងមក​ដើម្បីទៅដល់ចំណុចមុំ៣នេះ គឺត្រូវការ​ឆ្លងកាត់​ផ្លូវរបស់ប្រទេស​វៀតណាម ដោយសារស្ថានភាព​ផ្លូវក្នុងខេត្ត​រតនគិរី មានការលំបាកខ្លាំងក្នុងការទៅដល់ទីនោះ ជាពិសេសក្នុងអំឡុងរដូវវស្សា។

ក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ (៥) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៦)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែមសម្រាប់ការសិក្សានេះ។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានលើកជាសំណួរបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួនទាក់ទងបច្ចេកទេសសាងសង់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ការតម្រឹមខ្សែផ្លូវ ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាដើម ធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើឱ្យវិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើរប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមបានស្នើសុំឱ្យតំណាងក្រុមហ៊ុន CRBC សិក្សាពីលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង និងផ្តល់ជាជម្រើសក្នុងសិក្សាយ៉ាងតិចចំនួន ០២ សម្រាប់ស្នើសុំយោបល់ឯកភាពពីឯកឧត្តមរដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋលេខាធិការ គ្រោងនឹងដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាពពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះនឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន