សេះសមុទ្រ នាឡិកា អីមានហើយ! តែកុំភ្លេច​នៅកំពត​ មាន​ប្រាសាទលោកយាយម៉ៅ១​ទៀត​ នៅលើ​កំពូលភ្នំទ្វារ អាចបើកឡានម៉ូតូទៅដល់

  • 2024-09-05 07:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសាងសង់​ប្រាសាទលោកយាយម៉ៅ នៅលើ​កំពូលភ្នំទ្វារ​ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់ ) បាន​ចាប់ផ្តើម​ចេញរូបរាងបណ្តើរៗហើយ ដែល​រំពឹងថា នឹងបញ្ចប់ឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

បើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក «បេះដូងកំពត» នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២៤នេះ ឱ្យដឹងថានៅក្នុងគម្រោងនៃការសាងសង់ប្រាសាទលោកយាយម៉ៅ មានស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត និងផ្លូវជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ( ជាកន្លែងថតរូបស្អាតថែមទៀត)។ ជាមួយគ្នានេះ មានការរៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ រៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រាសាទ​ផងដែរ។

សូមរំលឹកថា ប្រាសាទ​លោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារនេះ ត្រូវបាន​អាជ្ញាធរខេត្តកំពតធ្វើពិធីបញ្ចុះបឋមសិលាសាងសង់​កាលពីខែមេសា ឆ្នាំ​២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ឱ្យដឹងថា នាពេលកន្លងមក ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ ហើយដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារវិញ។

ឯកឧត្តម​អភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចឱ្យយើងមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។ ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូរជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ គឺថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តផងដែរ៕

អត្ថបទថ្មី