កូននាគស្លាបហង្ស ធី ម៉េងហួង និង សឿន ហេង មានទីផ្សារក្រៅប្រទេសហើយ
- 2024-09-09 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូននាគស្លាបហង្ស ធី ម៉េងហួង និង សឿន ហេង មានទីផ្សារក្រៅប្រទេសហើយ
ចន្លោះមិនឃើញ
កីឡាករ Opposite Hitter ធី ម៉េងហួង និង Outside Hitter សឿន ហេង កំពុងត្រូវបានក្លឹបនៃលីគកំពូលវៀតណាម និងក្លឹបបាល់ទះថៃ កំពុងចរចាចង់បានពួកគេទៅលេងឲ្យក្នុងពេលខាងមុខនេះ ក្រោយពួកគេបង្ហាញគុណផលល្អក្នុងការប្រកួតជាតិនិងអន្តរជាតិនាពេលកន្លងមក។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងក្រោយចប់ការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ២០២៤ថ្មីៗនេះថា កូននាគស្លាបហង្ស ធី ម៉េងហួង ត្រូវបានក្លឹបនៅលីគកំពូលវៀតណាមទាក់ទងទៅលេងនៅជើងទី២ ប៉ុន្តែកំពុងស្ថិតក្នុងការចរចា ព្រោះកីឡាករឆ្នើមរបស់ក្លឹបក្រសួងមហាផ្ទៃរូបនេះត្រូវការ ITC (International Transfer Cirtificate)។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់បែបនេះថា ៖"ធី ម៉េងហួង ជាក់ស្ដែងមកដល់ម៉ោងនេះ លីគរបស់ប្រទេសវៀតណាមជើងទី២គឺបានទាក់ទង ធី ម៉េងហួងហើយ ប៉ុន្តែអ្វីដែលខ្ញុំជម្រាបថា ធី ម៉េងហួង គឺត្រូវឆ្លងកាត់សហព័ន្ធ ពីព្រោះថាត្រូវមាន ICT យើងមិនអាចឲ្យគាត់ត្រូវបានគេហាម (Ban) ទេ ធ្វើឲ្យបាត់ឱកាសនាថ្ងៃអនាគត ចឹងធីម៉េងហួងចាប់ផ្ដើមមានទីផ្សារហើយ បាទ! ជាក់ស្ដែងយើងឃើញហើយនៅពាននៅវៀតណាមថ្ងៃមុននោះក៏ធីម៉េងហួង ត្រូវបានបញ្ជូនទៅ ប៉ុន្តែក្រៅផ្លូវការ ប៉ុន្តែលើកនេះគឺផ្លូវការក្នុងលីគ ដូច្នេះទីផ្សាររបស់អត្តពលិករបស់យើងកាន់តែប្រសើរថែមទៀត ហើយថ្លៃខ្លួនរបស់គាត់ខ្ញុំជឿថា ខ្ញុំនឹងលើកឲ្យថ្លៃប្រហាក់ប្រហែលនឹងគួនម៉ុមដែរ វាផ្អែកទៅលើគុណផលនៃការប្រកួតរបស់គាត់"។
ក្រៅពី ធី ម៉េងហួង កីឡាករឆ្នើម គួន ម៉ុម ក៏ត្រូវបានក្លឹបនៅលីគវៀតណាមចុះកុងត្រារួចរាល់ហើយ រងចាំតែថ្ងៃលេងតែប៉ុណ្ណោះ។
ដោយឡែកកីឡាករស្មាត់ស្ដាំ (Outside Hitter) សឿន ហេង ត្រូវបានក្លឹបនៃលីគប្រទេសថៃទាក់ទងចង់បានដែរ ប៉ុន្តែភាគីទាំងពីរមិនទាន់ចរចាត្រូវគ្នានៅឡើយ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា បើមានឱកាសលោកនឹងបញ្ជូនអត្តពលិកកម្ពុជាទៅទាំងអស់ ដើម្បីដកស្រង់បទពិសោធនៅក្រៅប្រទេស៕