NOCC៖​ ផ្ដល់​អនុសាសន៍​ដល់​សហព័ន្ធ​ឃីក​ប៊ុកស៊ីង​ ពិនិត្យ​ និង​ស្វែងរក​ថ្នាល​ដើម្បី​អាច​ដាក់​ចូល​ការប្រកួតកីឡាយុវជនអាស៊ី ​ឆ្នាំ២០២៩​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​

  • 2024-09-13 07:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ផ្ដល់​អនុសាសន៍​ដល់​សហព័ន្ធ​ឃីកបុកស៊ីង​កម្ពុជា​ ឲ្យ​ត្រៀម​លក្ខណៈ​ដូច​ជា​ស្វែងរក​ថ្នាល​ បណ្ដុះ​ធនធាន​ ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មាន​ឱកាស​ដាក់​បញ្ចូល​ឲ្យ​លេង​នៅ​ការប្រកួតកីឡាយុវជនអាស៊ី ​ឆ្នាំ២០២៩​ កម្ពុជា​ជា​ម្ចាស់ផ្ទះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ថ្លែង​ក្នុង​ថ្ងៃ​មហាសន្និបាទ​បញ្ចប់​អាណត្តិ​ទី១​ កាល​ពី​ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ផ្ដល់​អនុសាសន៍​ជូន​ទៅ​ឯកឧត្ដម​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​ឲ្យ​ពិនិត្យ​រៀបចំ​ខ្លួន​ចាប់​ពី​ពេល​នេះ​ស្វែងរក​ធនធាន​ថ្នាល​ឲ្យ​ត្រឹមត្រូវ​គ្រប់លក្ខខណ្ឌ​ ដូច​ជា​ប្រភេទ​អាយុ​ចាប់​ពី​ ១៧-១៨-១៩​ នៅ​ពេល​ការ​ប្រកួត​មក​ដល់​ក្នុង​ឆ្នាំ​ ២០២៩ ។​ បន្ថែម​ពី​នេះ​ត្រូវបណ្ដុះ​ធនធាន​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​អាច​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​ដែល​មក​ចូលរួម​ខ្ទង់​ជាង​៤០​ ប្រទេស​នៅ​អាស៊ី​នេះ ។​

ឯកឧត្ដម​ ហេង​ សុឃន​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដើម្បី​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ផ្សេងៗ​ទៅ​បាន​លុះត្រា​តែ​សហព័ន្ធ​ ឬ​ប្រភេទ​កីឡា​នោះ​មាន​ធនធាន​គ្រប់គ្រាន់​មាន​លក្ខណៈ​សមស្រប​តាម​លក្ខខណ្ឌ​ទើប​ឈាន​ដល់​ការ​សម្រេច​ថា​ដាក់​ឲ្យ​លេង​ក្នុង​ព្រឹត្តិការណ៍​ធំ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​លើក​នេះ ។​

ឯកឧត្ដម​ ហេង​ សុឃន​

បញ្ជាក់​ដែរ​ថា​ ប្រទេស​កម្ពុជា​ទទួល​រៀបចំ​ការប្រកួតកីឡាយុវជនអាស៊ី​ ឆ្នាំ ២០២៩​ ដែល​មាន​ប្រទេស​ជាង​៤០​ នឹង​អត្តពលិក​រាប់​រយ​នាក់​នឹង​មក​ចូលរួម​នៅ​កម្ពុជា។​ យ៉ាងណា​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​ធ្វើ​តាម​ដំណាក់កាល​ជា​បណ្ដើរៗ​ទៅ​ហើយ​ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​ ២០២៩​ មក​ដល់៕​

អត្ថបទ៖ នួន ស៊ីណា​