ធនាគារ វីង គាំទ្រកម្មវិធីទូទាត់បាគងទេសចរដើម្បីជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា

  • 2024-09-13 08:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ វីង (ខេមបូឌា) ម.ក បានបង្ហាញការគាំទ្រធនាគារជាតិ នៃកម្ពុជាយ៉ាងពេញទំហឹងក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរដែលជាដំណោះស្រាយដ៏សំខាន់មួយដើម្បីជួយឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសកាន់តែងាយស្រួលក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាពអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យបទពិសោធន៍នៃដំណើរកម្សាន្តកាន់តែមានភាពរីករាយ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមដ៏សំខាន់នេះអាចជួយឱ្យភ្ញៀវទេសចរបរទេសទទួលយកនូវរបៀបរស់នៅដ៏ស៊ីវិល័យមួយក្នុងអំឡុងពេលនៃការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ដោយពួកគាត់មិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ ហើយក៏មិនព្រួយបារម្ភក្នុងការដាក់ក្រដាសប្រាក់ជាប់តាមខ្លួន ឬត្រូវដូរក្រដាសទក់ ឬចាស់ទៀតនោះឡើយ។”

បច្ចុប្បន្ននេះ ភ្ញៀវទេសចរភាគច្រើនពឹងផ្អែកលើការប្រើប្រាស់ប័ណ្ណឥណទាន និងក្រដាសប្រាក់ ដែលបង្កនូវផលលំបាកមួយចំនួន ដោយសារតែម៉ាស៊ីនទទួលការទូទាត់ប័ណ្ណឥណទាននៅមានចំនួនកម្រិត ហើយការមិនទទួលយកក្រដាសប្រាក់រហែក ឬទក់ក៏ជាកត្តាប្រឈមផងដែរ។

យ៉ាងណានេះក្តី បណ្តាញទូទាត់តាមរយៈការស្កេន KHQR ដោយប្រើប្រាស់ប្រព័ន្ធបាគងនៅក្នុងប្រទេសកម្ពុជាគឺមានភាពទូលំទូលាយដែលមានប្រមាណ ៣,៣ លានទីតាំងឯណោះ ដោយរួមទាំងតូបលក់ដូរតូចៗផងដែរ ហើយក្នុងនោះបណ្តាញដៃគូអាជីវកម្មដែលប្រើប្រាស់KHQR របស់ធនាគារ វីង មានដល់ទៅ ១៦៥.០០០ ហាង ដែលនឹងធ្វើឱ្យបទពិសោធន៍នៃការទូទាត់របស់ភ្ញៀវទេសចរបរទេសកាន់តែងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ។

នៅពេលអញ្ជើញមកដល់ប្រទេសកម្ពុជា ភ្ញៀវទេសចរអាចទាញយកកម្មវិធីទូទាត់បាគងទេសចរពី App Store ឬ Play Store នៅក្នុងស្មាតហ្វូន ហើយបន្ទាប់មកគ្រាន់តែបំពេញការចុះឈ្មោះជាមួយនឹងអ៊ីមែលផ្ទាល់ខ្លួនរបស់ពួគគេតែប៉ុណ្ណោះដើម្បីដំណើរការអេប។

វីង ក៏មានបញ្ជរមួយស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានទីតាំងនៅទល់នឹងមុខច្រកមកដល់របស់អ្នកដំណើរ ដើម្បីជួយសម្រួលទៅដល់ភ្ញៀវទេសចរផ្ទៀងផ្ទាត់អត្តសញ្ញាណ ឬហៅថាការសម្គាល់អត្តសញ្ញាណអតិថិជន (KYC) ក៏ដូចជាជួយពួកគាត់ក្នុងការបញ្ចូលទឹកប្រាក់ចូលទៅក្នុងកម្មវិធីទូទាត់បាគងទេសចរនៅពេលពួកគាត់មកដល់ប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ភ្នាក់ងារធនាគារ វីង ស្ថិតក្នុងក្រុងសៀមរាបក៏អាចជួយសម្រួលក្នុងដំណើរការនេះទៅដល់ភ្ញៀវទេសចរបានយ៉ាងងាយស្រួលផងដែរ។

ក្រោយចុះឈ្មោះលើកដំបូងរួចរាល់ អ្នកប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរអាចចំណាយរហូតដល់ទៅ ៥០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយអាចបង្កើនទំហំនៃការចំណាយរហូតដល់ទៅ ៣.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយគ្រាន់តែបំពេញព័ត៌មានពេញលេញ ជាមួយរូបថត និងលិខិតឆ្លងដែនរបស់អ្នកប្រើប្រាស់ផ្ទាល់តែប៉ុណ្ណោះ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានសរសេរនៅលើគណនី LinkedIn ផ្ទាល់ខ្លួន ដោយមានប្រសាសន៍ថា៖ “ការទូទាត់តាមរយៈការសេ្កន KHQRមានរហូតដល់ទៅ៣,៣ លានទីតាំងបើធៀបជាមួយនឹងការទូទាត់តាមម៉ាស៊ីន POS ដែលមានប្រមាណតែ ៥៥.០០០ទីតាំងប៉ុណ្ណោះ ឥឡូវនេះការទូទាត់នៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ។

ធនាគារជាតិ នៃកម្ពុជា មានការរំពឹងទុកថា កម្មវិធីទូទាត់បាគងទេសចរនឹងជំរុញវិស័យទេសចរណ៍ឱ្យមានសម្ទុះកំណើនកាន់តែខ្លាំងក្លាថែមទៀត ស្របពេលការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមានកំណើនល្អប្រសើរឡើងវិញ។ ក្រសួងទេសចរណ៍បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដោយបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៣,១៦លាននាក់ ត្រឹមរយៈពេលពាក់កណ្តាលឆ្នាំ២០២៤នេះ ដែលបង្ហាញការកើនឡើង ២៣% ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បាគង ដែលជាច្រកទូទាត់ជាតិត្រូវបានបង្កើតឡើងដោយ ធនាគារជាតិ នៃកម្ពុជា បានដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface-API) ដើម្បីបង្កើនប្រសិទ្ធភាពអន្តរប្រតិបត្តិការក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនក្នុងស្រុក។ ដោយមានសមាជិកសរុប ៧០ គ្រឹះស្ថានហិរញ្ញវត្ថុ ហើយក្នុងនោះមាន ៤៩ សមាជិកកំពុងប្រតិបត្តិការយ៉ាងសកម្ម បាគងបានក្លាយជាថ្នាលដ៏សំខាន់មួយក្នុងការជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់។

គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធទូទាត់បាគងមានចំនួនសរុប ៧៥,៥ លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦៤,៩ ទ្រីលានរៀល។ ទន្ទឹមគ្នានេះ ប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកបានកើនដល់ ៩៩,៨ លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុប ៣៨,៨ ពាន់លានដុល្លារអាមេរិក។

គំនិតផ្តួចផ្តើមនេះនឹងបង្កើនបាននូវភាពងាយស្រួល ប្រសិទ្ធភាព និងភាពច្នៃប្រឌិតសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបង្កើតបាននូវស្តង់ដារគំរូមួយសម្រាប់អនាគតដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ និងជារួមជំរុញកំណើនសេដ្ឋកិច្ចឱ្យបានកាន់តែប្រសើរថែមទៀត៕