ស្រីលង្កាផាកបុរសអ៊ីតាលី២នាក់ចំនួន ២០ម៉ឺនដុល្លារពីបទលួចមេអំបៅ
- 2024-09-13 12:44:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីលង្កាផាកបុរសអ៊ីតាលី២នាក់ចំនួន ២០ម៉ឺនដុល្លារពីបទលួចមេអំបៅ
ចន្លោះមិនឃើញ
អាជ្ញាធរស្រីលង្កាផាកពិន័យបុរសជនជាតិអ៊ីតាលី២នាក់ ដែលជាឪពុក និងកូនចំនួន ២០ម៉ឺនដុល្លារអាមេរិក ដោយបុរសទាំង២រូបនេះប៉ុនប៉ងលួចយកពូជសត្វល្អិតកម្ររាប់រយក្បាល ដោយរួមមានទាំងមេអំបៅចំនួន ៩២ប្រភេទ ចេញពីឧទ្យានជីវៈចម្រុះរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បុរសជនជាតិអ៊ីតាលីទាំង២រូបនោះមានឈ្មោះ Luigi Ferrari អាយុ ៦៨ឆ្នាំ និងកូនប្រុសរបស់លោក Mattia Ferrari អាយុ ២៨ឆ្នាំ។ តាមពិតទៅបុរសទាំងពីររូបនេះបានមកវិស្សមកាលនៅស្រីលង្កា តែត្រូវបានចាប់ខ្លួនកាលពីខែឧសភាកន្លងទៅ ដោយឆ្មាំឧទ្យានជាតិ Yala ដែលជាសួនសត្វដ៏ល្បីមួយរបស់ប្រទេសស្រីលង្កា។
នៅថ្ងៃកើតហេតុនោះ ឆ្មាំនៃឧទ្យានជាតិខាងលើបានឃើញបុរសទាំង២នេះចតឡានចោលនៅក្នុងឧទ្យានជាតិ ហើយដើរចាប់សត្វល្អិត។ នៅក្នុងឡាននោះ សមត្ថកិច្ចបានរកឃើញថា បុរសអ៊ីតាលីទាំង២នេះមានក្រឡសត្វល្អិតចំនួនរាប់រយឯណោះ។
បើតាមការស៊ើបអង្កេតបានឱ្យដឹងថា បុរសទាំងពីរនេះបានព្យាយាមចាប់សត្វល្អិតទាំងអស់នោះ ហើយគ្រោងនឹងប្រើប្រាស់ក្រមួន ដើម្បីរក្សាទុកសាកសពសត្វទាំងនោះ។
នៅក្នុងខែកញ្ញានេះ តុលាការស្រីលង្កាបានកាត់ទោសអ្នកទាំងពីរ ដោយផាកពិន័យ ២០ម៉ឺនដុល្លារ ហើយប្រសិនបើមិនបង់ថ្លៃពិន័យរហូតដល់ថ្ងៃទី២៤ ខែកញ្ញានោះទេ អ្នកទាំងពីរនឹងជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៕