តារាសម្តែង ប៊ឺរី ច្រានចោលពាក្យរិះគន់ថា តោង ម៉ាដាម ដា ដើម្បីសាងភាពល្បីល្បាញ

  • 2024-09-17 11:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនងស្នេហារវាងតារាសម្តែង លោក មាស វឌ្ឍនៈសម្បត្តិ ហៅ ប៊ឺរី និងអ្នកជំនួញស្រីល្បីឈ្មោះ ម៉ាដាម ដា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លាដល់មហាជន តែទន្ទឹមគ្នានោះក៏មានការរិះគន់យ៉ាងច្រើនសន្ធឹកផងដែរ ថែមទាំងមានអ្នកលើកឡើងថា ប៊ឺរី តោង ម៉ាដាម ដើម្បីសាងភាពល្បីល្បាញទៀតផង។

មិនខ្វល់ពីការរិះគន់ ប៊ឺរី កាន់តែស្និទ្ធស្នាលជាមួយអ្នកជំនួញស្រីរូបនេះ ថែមទាំងបានប្រកាសឱ្យសាធារណជនដឹងថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរជាការពិត មិនមែនលែងល្ខោនបន្លំភ្នែកមហាជននោះឡើយ។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)

លោកគ្មានអ្វីត្រូវខ្លាចចំពោះពាក្យរិះគន់លើបណ្តាញសង្គមនោះឡើយ។ ផ្ទុយទៅវិញ តារាសម្តែងរាងខ្ពស់ស្រឡះនេះ ក្លាហានហ៊ានបណ្តើរអ្នកជំនួញល្បីឈ្មោះនេះយ៉ាងពេញមុខពេញមាត់ ថែមទាំងបង្ហាញកាយវិការផ្អែមល្ហែមគ្រប់ពេលទៀតផង។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងមហាព្រឹត្តិការណ៍ ម៉ាដាម ដា មេហ្គាសែល កាលពីពេលថ្មីៗ កំលោះសង្ហា ប៊ឺរី បានច្រានចោលការរិះគន់ដែលនិយាយថាលោកតោង ម៉ាដាម ដើម្បីភាពល្បីល្បាញ ដោយអះអាងថា គ្រប់យ៉ាងមានតែសាម៉ីខ្លួន ២នាក់ប៉ុណ្ណោះដែលដឹងច្បាស់ថា ការពិតវាយ៉ាងណា ហើយលោកមិនខឹងប្រកាន់អ្នករិះគន់ទាំងនោះឡើយ តែសូមឱ្យគ្រប់គ្នាបើកចិត្តស្គាល់ពីលោក និងម៉ាដាមឱ្យបានច្រើនជាងនេះសិន ជាជាងការវិនិច្ឆ័យដោយគ្រាន់តែឃើញសកម្មភាពលើបណ្តាញសង្គម។ ប្រសិនបើគ្រប់គ្នាស្គាល់អ្នកទាំងពីរច្រើនជាងនេះ ប្រហែលគ្រប់គ្នាមិនរិះគន់ ឬខមមិនពាក្យអវិជ្ជមានទាំងនោះឡើយ។

ទោះជាយ៉ាងនេះក្តី លោកមិនខឹងប្រកាន់ចំពោះអ្នករិះគន់នោះឡើយ ព្រោះលោកជឿជាក់ថា ខ្លួនលោកតែម្នាក់មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ ប៉ុន្តែការពិតនៅតែជាការពិត។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)

ទន្ទឹមការលើកឡើងខាងលើ ម៉ាដាម ដា ក៏បានរៀបរាប់ឱ្យដឹងថា គ្មានអ្វីដែល ប៊ឺរី ត្រូវតោងខ្លួនដើម្បីភាពល្បីល្បាញឡើយ ព្រោះមហាជនស្គាល់ឈ្មោះ បឺរី តាំងពីអ្នកទាំងពីរមិនទាន់ទាក់ទងគ្នាមកម៉្លេះ។ សំខាន់ លោកស្រី និង ប៊ឺរី ពុំធ្លាប់ចំណាយពេលសេពគប់គ្នាឡើយ ពោលគឺធ្វើការជាមួយគ្នាធម្មតា តែក៏មានអារម្មណ៍អាចសាងអនាគតជាមួយគ្នាបានតែម្តង។

ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនធ្វើឱ្យប៉ះពាល់ការងារសិល្បៈឡើយ ប៊ឺរី នៅតែទទួលធ្វើការងារសិល្បៈតាមលទ្ធភាពជាក់ស្តែងដែលអាចទទួលធ្វើបាន ហើយឆាប់ៗខាងមុខលោកក៏នឹងមានការងារថ្មីៗជាមួយក្រុមហ៊ុន ម៉ាដាម ដា ផងដែរ។

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)

សូមជម្រាបផងដែរថា ការរិះគន់មិនអាចបញ្ឈប់ភាពផ្អែមល្ហែមរបស់ តារាសម្តែងដ៏មានប្រជាប្រិយភាព ប៊ឺរី និង ម៉ាដាម ដា បានឡើយ ដោយថ្មីៗនេះអ្នកទាំងពីរបណ្តើរគ្នាយ៉ាងពេញមុខពេញមាត់ចូលរួមមហាព្រឹត្តិការណ៍ ម៉ាដាម ដា មេហ្គាសែល អមដោយវត្តមានតារាថៃ P’Yoon និងតារាខ្មែរល្បីៗជាច្រើននាក់ថែមទៀតផង៕

រូបភាព៖ ហ្វេសប៊ុក MADAM DA (ម៉ាដាម ដា)

អត្ថបទ៖ Ah Mouy