ផ្លូវជាតិលេខ៥ ស្អាតជិះស្រួលមែន! តែការពិតគឺនៅសល់១កំណាត់ទៀត ទើបរួចរាល់ទាំងស្រុង

  • 2024-09-19 02:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ប៉ោយប៉ែត ត្រូវបានសម្ពោធ តាមកំណាត់នីមួយៗរួចហើយ ដោយនៅសល់តែ១កំណាត់ចុងក្រោយ ចាប់ពី សិរីសោភ័ណ-ប៉ោយប៉ែត ដែលកំពុងសាងសង់នៅឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលមានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ២៥% ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានបន្តធ្លាក់ឥតដាច់ ដែលជាផ្នែកមួយដ៏ធំនៃដំណើរការរាំងស្ទះខ្លះដល់ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវ។

គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ ដោយក្នុងនោះដែរ ក្រុមការងារការដ្ឋានបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀង ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងខិតខំបញ្ចប់ការងារសាងសង់តាមពេលវេលាដែលបានគ្រោងទុក។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ បែងចែកជាកំណាត់ៗដូចខាងក្រោម៖

-កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែងជាង ៨៤គីឡូម៉ែត្រ (សម្ពោធរួចរាល់នៅខែមករា ឆ្នាំ២០២២)

-កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម ប្រវែង ១៣៥គីឡូម៉ែត្រ និងកំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង ១១០,៩គីឡូម៉ែត្រ។ កំណាត់ទាំងពីរនេះ (ព្រែកក្តាម-បាត់ដំបង) ត្រូវបានសម្ពោធរួចរាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

-កំណាត់ចុងក្រោយ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុបជាង ៣៥គីឡូម៉ែត្រ កំពុងសាងសង់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី