ការពិតពីព័ត៌មានស្នេហា ២០ឆ្នាំមុនរបស់ Rain និង Song Hye Kyo
- 2024-09-20 04:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតពីព័ត៌មានស្នេហា ២០ឆ្នាំមុនរបស់ Rain និង Song Hye Kyo
ចន្លោះមិនឃើញ
រឿង «Full House» ឬ «បំណុលផ្ទះជំពាក់ស្នេហ៍» បានទទួលជោគជ័យខ្លាំងជុំវិញអាស៊ី កាលពីឆ្នាំ ២០០៤។ ក្រៅពីសាច់រឿងប្លែកជក់ចិត្ត តួសម្ដែងទាំង ២ មាន Rain (លី យ៉ុងចេ) និង Song Hye Kyo (ហាន់ ជីអ៊ុន) ក៏ជាមូលហេតុដែលធ្វើឲ្យអ្នកតាមដាន គាំទ្រមិនឲ្យដាច់ភាគ និងកោតសរសើរកប់ៗមាត់ ពីភាពស៊ីសង្វាក់របស់ពួកគេ។
ជាការពិត កាលពី២០ឆ្នាំ មុន ដោយសារតែភាពឥតខ្ចោះរបស់ស្នេហាក្នុងរឿងរបស់ពួកគេ ក៏បានធ្វើឲ្យមហាជន កើតការសង្ស័យ និងសង្ឃឹមថាថា Rain និង Hye Kyo ក្លាយជាគូស្នេហ៍ពិតប្រាកដនឹងគ្នានៅក្រៅរឿងទៀតផង។
ចចាមអារ៉ាមស្នេហា កាន់តែពុះកញ្ជ្រោលឡើងមួយកម្រិត ពេល Rain និយាយក្នុងបទសម្ភាសថា នារីក្នុងក្ដីសុបិនរបស់ខ្លួន ជាមនុស្សដែលគួរឲ្យស្រឡាញ់ និងមុខប៉ោងតិចៗ រហូតមហាជនមួយចំនួនគិតថាជា Song Hye Kyo។
ទោះជាមានព័ត៌មានរីកសុសសាយ ថាពួកគេជាគូស្នេហ៍នឹងគ្នាក្ដី ក៏ Rain និង Hye Kyo នៅតែបដិសេធ ថាមិនមែនជាការពិតឡើយ ព្រោះពួកគេត្រឹមជាមិត្តរួមការងារនឹងគ្នាប៉ុណ្ណោះ។
តួ ហាន់ ជីអ៊ុន រូបនេះបាននិយាយថា នាង និង Rain ព្រមទាំងក្រុមការងារ ឧស្សាហ៍ជួបជុំគ្នាហូបចុក ហើយពេលដែលកំពុងថត គ្រប់គ្នាពិតជារីករាយ និងមានភាពកក់ក្ដៅខ្លាំង។
«គាត់ និងខ្ញុំ មានអាយុស្របាលៗគ្នា គ្រាន់តែគាត់ប្អូនខ្ញុំមួយឆ្នាំ ប៉ុន្តែពួកយើងចុះសម្រុងនឹងគ្នាបានល្អណាស់។ ពេលថតចប់ Rain អ្នកដឹកនាំរឿង និងក្រុមការងារផ្សេងទៀត ព្រមទាំងខ្ញុំ ឧស្សាហ៍ទៅក្រៅញ៉ាំអីជុំគ្នាណាស់ ពួកយើងតែងនៅជុំៗជាមួយគ្នា និងជាមិត្តល្អ»។ Song Hye Kyo និយាយ។
ក្រោយមកទៀត ពេលស្ថិតក្នុងសន្និសីទកាសែត Rain ក៏ធ្លាប់បាននិយាយ ដោយច្រានចោលពីចចាមអារ៉ាមស្នេហានោះដែរថា មនុស្សម្នានាំគ្នាចែកចាយរឿងនេះច្រើនណាស់ ទាំងដែលខុសឆ្ងាយពីការពិតពេក។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ទាំង Song Hye Kyo និង Rain សឹងតែបាត់ការទាក់ទងគ្នាទាំងស្រុងទៅហើយ ដូច្នេះទើបគ្រប់គ្នាកាន់តែច្បាស់ថា ពួកគេត្រឹមជាមិត្តរួមការងារ គ្មានអ្វីលើសនេះទេ។
មកដល់បច្ចុប្បន្ន Rain កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយនឹង Kim Tae Hee ដែលជាភរិយា និងកូនៗ ២នាក់ ដោយមានទ្រព្យពេញផ្ទះ។ ស្របពេល Song Hye Kyo ដ្បិតបរាជ័យនឹងជីវិតគូ ក្រោយរៀបការជាមួយនឹង Song Joong Ki មក ប៉ុន្តែនាងនៅតែជានារីរឹងមាំ និងជោគជ័យដដែលលើវិថីសិល្បៈ៕