ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ពង្រីកបន្ថែមជើងហោះហើរ ថ្មីទៅកាន់ទីក្រុងសិង្ហបុរី នៅក្នុងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួន

  • 2024-09-23 04:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានពង្រីកបន្ថែមជើងហោះហើរថ្មី ដែលនឹងហោះហើរចេញពីសៀមរាប ឆ្ពោះទៅកាន់សិង្ហបុរី ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សំបុត្រយន្តហោះនឹងត្រូវបានដាក់លក់នៅថ្ងៃនេះ សម្រាប់ជើងហោះហើរទៅមករវាងសៀមរាប-សិង្ហបុរី ហើយចាប់ផ្តើមហោះហើរពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងតម្លៃសរុបចាប់ពី ១០៩ ដុល្លារ ក្នុងមួយជើង។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យលំដាប់ពិភពលោកឈានមុខគេ និងមានបណ្តាញហោះហើរជាង ១៣០ គោលដៅ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានផ្តល់ជូននូវការធ្វើដំណើរ ប្រកបដោយភាពងាយស្រួលទៅកាន់គោលដៅដែលអ្នកដំណើរចូលចិត្ត និងស្វែងរកនូវបរិយាកាសថ្មីៗ ក្នុងនោះដែរ ប្រទេសកម្ពុជាគឺជាគោលដៅដ៏សំខាន់មួយសម្រាប់ សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ពង្រីកទីផ្សាររបស់ខ្លួន។

លោក Bo Lingam ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group បានមានប្រសាសន៍ថា “ការបង្កើនការតភ្ជាប់នូវការធ្វើដំណើរក្នុងតំបន់អាស៊ាន គឺជាលំនាំ គន្លឹះ របស់យើង ចាប់តាំងពីយើងបានចាប់ផ្តើមជាមួយនឹងយន្តហោះត្រឹមតែ ២ គ្រឿងប៉ុណ្ណោះ កាលពីជាង ២២ ឆ្នាំមុន។

ជើងហោះហើរថ្មីទៅកាន់សិង្ហបុរី បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយរបស់សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍របស់យើងក្នុងការជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងមកវិញ និងនាំយកបរិបទហោះហើរថ្មី សម្រាប់ការហោះហើរទៅមកជាអន្តរជាតិ ដល់ប្រទេសកម្ពុជា។

ស្របពេលដែល យើងរំពឹងថាជើងហោះហើរត្រង់របស់យើងទៅកាន់ទីក្រុងកូឡាឡាំពួរ ហើយឥឡូវនេះ បន្ថែមការហោះហើរត្រង់ ទៅកាន់សិង្ហបុរី នឹងបន្តបង្ហាញអំពីការគាំទ្រយ៉ាងច្រើនកុះករ យើងទាំងអស់គ្នាក៏មានសេចក្តីរំភើបចំពោះឱកាសហោះហើរដ៏សម្បូរបែបរបស់ បណ្តាញជើងហោះហើររបស់យើងផងដែរ។ ជើងហោះហើរ តភ្ជាប់ដ៏មមារញឹក របស់យើងទៅកាន់គោលដៅនានាដូចជា ប្រទេសចិន ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងជំរុញឱ្យអ្នកដំណើរកាន់តែច្រើនអាចធ្វើដំណើរទៅ-មក ពីប្រទេសកម្ពុជាក្នុងតម្លៃដ៏សមរម្យ ប្រកបដោយភាពងាយស្រួល។”

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាន៍ថា “យើងមានផែនការពង្រីកជើងហោះហើរដ៏ច្បាស់លាស់ ដែលកំណត់អំពីការហោះហើរទៅ-មក ពីព្រះរាជាណាចក្រអឆ្ឆរិយៈរបស់យើង ដែលនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសហោះហើរជាច្រើន និងមានតម្លៃសមរម្យ"។

សូមគូសបញ្ជាក់ផងដែរថា AirAsia បានប្រកាសនាពេលថ្មីៗនេះ អំពីជើងហោះហើរទៅមក រវាងសៀមរាប-ភូកេត នៅក្នុងរដូវរងារនេះ ហើយថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែល AirAsia Cambodia មានសេចក្តីសោមនស្សប្រកបដោយមោទនភាពប្រកាសអំពី ជើងហោះហើរថ្មីបន្ថែមទៀត រវាងសៀមរាប-សិង្ហបុរី។

“ចាប់តាំងពី AirAsia Cambodia បានចាប់ផ្តើមជើងហោះហើរក្នុងខែឧសភា ឆ្នាំ២០២៤ មក យើងបានមើល ឃើញអំពីតម្រូវការ និងឱកាសដ៏មានសក្តានុភាពក្នុងការបង្កើនចំនួនជើងហោះ នៅក្នុងទីផ្សារអន្តរជាតិ។ គោលដៅសិង្ហបុរី គឺជាការចាប់ផ្តើមនៃការហោះហើរទៅកាន់គោលដៅថ្មីៗ ដែលយើងនឹងចាប់ផ្តើមហោះហើរនាពេល ឆាប់ៗ ខាងមុខនេះ រួមបញ្ចូលទាំងការហោះហើរតភ្ជាប់ពីភ្នំពេញ និងសិង្ហបុរីផងដែរ។

យើងប្តេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីគោលដៅ ទេសចរណ៍ធំៗនៅលើពិភពលោកមក កាន់ប្រទេសកម្ពុជា។ ជើងហោះហើរថ្មីទាំងនេះនឹងរួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសយើង ថែមទាំងនឹងបង្កើតការងារជំនាញបច្ចេកទេស និងការងារសំខាន់ៗ ដទៃ ជាច្រើនទៀត នៅក្នុងវិស័យបដិសណ្ឋារកិច្ច”។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា “សេចក្តីប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺមានសារៈសំខាន់ណាស់ ស្របពេលដែលខេត្តសៀមរាបរបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុង ការបង្កើនចំនួនភ្ញៀវទេសចរបរទេស ឱ្យត្រលប់មកវិញ បន្ទាប់ពីជំងឺរាតត្បាតបានកើតឡើង។ សូមគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គឺជាទឹកដីប្រកបដោយតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងទីតាំងធម្មជាតិជាច្រើន ហើយយើងនឹងសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងការនាំយកអ្នកដំណើរមកពីជុំវិញពិភពលោក ឱ្យមកទស្សនាប្រទេសដ៏អស្ចារ្យរបស់យើងអោយកាន់តែច្រើនកុះករ។ សូមអរគុណ បណ្តាញសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ AirAsia ចំពោះការសហការនេះ"។

តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត - សូមចូលទៅកាន់កម្មវិធី AirAsia Move App ឬគេហទំព័រសម្រាប់ព័ត៌មានលម្អិត។

អត្ថបទថ្មី