ការ​ប្រកួត​ពាន​រង្វាន់​ «សម្ដេច​ធិបតី»​ លើក​ទី១​ ឈាន​ដល់​ដំណាក់កាល​បណ្ដុះបណ្ដាល​ចៅក្រម​អាជ្ញាកណ្ដាល​ហើយ​

  • 2024-09-23 08:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី​ លើក​ទី១​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៨​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​ឈាន​ដល់​ដំណាក់កាល​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​អាជ្ញាកណ្ដាល​ហើយ​ដើម្បី​ត្រៀម​គ្រប់គ្រង​ការ​ប្រកួត​ដែល​មក​ដល់។​

ឯកឧត្ដម​ ថោង​ ខុន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី២៣​ កញ្ញា​ ២០២៤​ នេះ​ជា​ការ​ធ្វើ​សន្និសីទ​សារព័ត៌​ជា​លើក​ទី២​ ដែល​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​គ្រប់​ផ្នែក​ដែល​ទទួល​ខុសត្រូវ​ផ្សេងៗ។​ ក្នុង​នោះ​ដែរ​គ្រប់​ផ្នែក​គឺ​ដំណើរការ​បាន​រលូន​ល្អ​ប្រសើរ​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​រៀបចំ​រួចរាល់​ទាំង​ស្រុង​នៅ​ថ្ងៃ​ប្រកួត​មក​ដល់។​ ការ​ផលិត​វីដេអូ​ផ្សព្វផ្សាយ​ ការ​ផ្សព្វផ្សាយ​ និង​បំផុស​ការ​គាំទ្រ​ដល់​មហាជន​លើ​បណ្ដាញ​សង្គម​ ទូរទស្សន៍​ក៏​មាន​ច្រើន​ផង​ដែរ។​

រូបភាពផ្ដល់ជូន

ថ្ងៃ​នេះ​ផង​ដែរ​គឺ​ឈាន​ដល់​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​អាជ្ញាកណ្ដាល​ដើម្បី​ឲ្យ​មាន​សមត្ថភាព​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ការ​ប្រកួត​ និង​ផ្ដល់​ភាព​សុក្រឹត​យុត្តិធម៌​ដល់​អ្នក​ដែល​ខ្លាំង​ពិត​ប្រាកដ​ទទួល​បាន​នូវ​ជ័យជម្នះ។​ ចំពោះ​អាជ្ញាកណ្ដាល​ចៅក្រម​ទាំង​នេះ​គឺ​យក​មក​ពី​៤​សហព័ន្ធ​ផ្សេង​ៗ​គ្នា។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ សន្និសីទ​សារព័ត៌មាន​លើក​ទី២ ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ស្ដី​ពី​ការ​ប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​ផ្ទាល់។​ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី​ លើក​ទី១​ នេះ​នៅ​ថ្ងៃ​ទី១៨​ ដល់​ ២០​ ខែ​តុលា​ ឆ្នាំ​២០២៤​ នៅ​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ ក្នុងកម្មវិធីនេះដែរមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំដូចជា​ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ ឯកឧត្ដម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកកម្មពិសេស និងថ្នាក់ដឹកនាំសហព័ន្ធមួយចំនួនទៀត៕

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី