គម្រោងស្ពានទៅអរិយក្សត្រ ឈានដល់ការចុះហត្ថលេខា ដើម្បីរៀបចំឯកសារប្លង់លម្អិត ត្រៀមបើកការដ្ឋានសាងសង់

  • 2024-09-26 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

ពិធីចុះហត្ថលេខានេះ គឺជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ និងដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលខាងមុខ។

បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីចុងខែសីហាកន្លងទៅថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។

គម្រោងនេះ ជាប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប២៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។ ខ្សែទី១នៃស្ពាន៖ ចាប់ពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាប ចូលទៅកាន់ជ្រោយចង្វារ និងខ្សែទី២នៃស្ពាន៖ ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គ ចូលទៅអរិយក្សត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី