ស្ថានីយរ៉ាដា នៅព្រលានយន្តហោះអន្តរជាតិតេជោ នឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ

  • 2024-09-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំដើម្បីជំរុញសកម្មភាពក្នុងការបើកការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មី (Doppler Radar) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនOCIC តំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តំណាងសាលាខេត្តកណ្តាល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល និងសហការីមកពីគ្រប់អង្គភាពចំណុះក្រសួងធនធានទឹក និងឧតុនិយមជាច្រើននាក់ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ស្ថានីយរ៉ាដាថ្មីនេះនឹងធ្វើឱ្យក្រសួងធនធានទឹក និងឧតុនិយម មានសមត្ថភាពពេញលេញ ក្នុងការផលិតនូវទិន្នន័យគ្រប់គ្រាន់ ទាន់ពេលវេលាលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ព្រមទាំងធ្វើការព្យាករ និងគណនាគ្រប់ប្រភេទដោយសុក្រឹតភាពសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានទាន់ពេលវេលា និងដោយមានឯករាជ្យភាពខ្ពស់ជាអតិបរមា ប្រកបដោយសន្តិសុខ និងសុវត្ថិភាព៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទថ្មី