ខកខានមើលរឿង «សង្សារ ១៤ ថ្ងៃ» នៅរោងកុនមែនទេ? ឱកាសមើលតាមទូរស័ព្ទបានមកដល់ហើយ

  • 2024-10-09 09:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំ «សង្សារ ១៤ ថ្ងៃ» ត្រូវបានដកស្រង់ចេញពីរឿងប្រលោមលោកដ៏ល្បីដែលមានចំណងជើងដូចគ្នា ចេញពីស្នាដៃនិពន្ធរបស់ អ្នកនិពន្ធឆ្នើម សុខ ចាន់ផល ដោយ​បាន​សម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ រហូតក្លាយកេណ្ឌចិត្តអ្នកអាន​ជា​ច្រើន​នាក់ជាប់ចិត្តមិនធម្មតា។

ក្រោយស្វែងយល់ពីទំហំនៃការគាំទ្ររបស់មិត្តៗអ្នកអាន ប្រលោមលោកមួយនេះ​ក៏ត្រូវ​បាន​បម្លែងទៅជាភាពយន្តខ្នាតធំ ដែលមានការចូលរួមសម្ដែងពី កញ្ញា ស៊ឹម ស្រីនិច្ច លោក ហូ សារៈ លោក សាន់នី លោក លី សុខណេត និងតារា​សម្ដែង​ជា​ច្រើនរូបទៀត។

ស៊ឹម ស្រីនិច្ច ត្រូវ​សម្ដែងជាតួ យ៉ានី យុវតីវ័យក្មេង​ដែល​មាន​បេះដូង​បរិសុទ្ធ និង​ទន់ភ្លន់ តែ​ត្រូវ​ខក​ចិត្តដោយសារ​តែស្នេហាគ្រា​ដំបូង​របស់នាង​កាលពី​នៅ​សិក្សា។ ដោយសារ​តែភាព​ឈឺចាប់​នេះ​បាន​បាន​ធ្វើឲ្យនាង កែប្រែជីវិតក្លាយជា​នារី​ដែល​មាន​ភាព​រឹងមាំ និង​មិនចេះចុះចាញ់​នឹង​ជីវិត​ដែលព្រហ្មលិខិតតាក់តែង​មក។

មាសា គឺជា​តួ​ឯក​ប្រុស​ដែល​បាន​ក្លាយជា​ហេតុផល​ដែល​ធ្វើឲ្យ​បេះ​ដូង​យុវតី **យ៉ានី​**ត្រូវគ្រាំគ្រា។ ប៉ុន្តែ​ដោយសារ​និស្ស័យ​គូ ចិត្តស្រឡាញ់របស់គេ​មិន​បាន​ទៅណា​ឡើយ ពោលគឺ​នៅ​ដក់ជាប់នឹង​តួ​ស្រី​រហូត​មករាប់ឆ្នាំ។ តួ មាសា ត្រូវ​បាន​សម្ដែង​ដោយលោក ហូ សារៈ។

រីឯការថត​ជាភាពយន្តវិញ ក្រុមការងារក៏ត្រូវចាយពេល​ថតយូរខែដែរ ដើម្បីធ្វើយ៉ាងណា ធានាបាននូវគុណភាព និងបញ្ជាក់សាច់រឿងទៅតាមលំដាប់លំដោយ មិនឲ្យអ្នកទស្សនាពិបាកយល់នោះទេ ដែលនេះគឺជាការដឹកនាំដោយលោក បាន ឌីម៉ង់ និងផលិតដោយផលិតកម្ម ឥន្ទ្រិយហ្វីម។

ទោះជាយ៉ាងណា ភាពយន្តខ្នាតធំ «សង្សារ ១៤ថ្ងៃ» គ្រោងនឹង​ចាក់បញ្ចាំងជាយូរមកហើយ តបតាម​តម្រូវការរបស់អ្នកគាំទ្រ ប៉ុន្តែដោយសារតែ​ពេល​នោះមាន​ការផ្ទុះឡើងនៃមេរោគរាតត្បាតកូវីដ ១៩ ទើប​ ក្រុមការងាររឿងទាំងមូលសម្រេចផ្អាកការចាក់បញ្ចាំងសិន។ រហូត​ដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣  ទើបភាពយន្តនេះ​ត្រូវបាន​ចាក់បញ្ចាំងជាផ្លូវការ ហើយកាន់តែពិសេសពេលនេះគ្រប់គ្នា​ក៏អាច​ទស្សនាបាន​ដោយសេរីនៅលើ កម្មវិធី SabayOne ដែលជា App កម្សាន្តថ្មីប្រមូលផ្ដុំដោយមាតិកាចម្រុះជាច្រើន៕