ក្រសួងការពារជាតិ៖ ដាក់គោលដៅដណ្ដើមលេខ១ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤
- 2024-10-10 05:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិ៖ ដាក់គោលដៅដណ្ដើមលេខ១ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤
ចន្លោះមិនឃើញ
ឯកឧត្ដម ខូវ ឆាយ តំណាងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានដាក់គោលដៅដណ្ដើមលេខ១ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នេះ ខណៈប្រភេទកីឡាក៏ដាក់បញ្ចូលប្រកួតច្រើនជាងមុន និងសំបូរធនធានពោរពេញដោយសមត្ថភាព។
ឯកឧត្ដម ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា សម្រាប់គោលដៅក្នុងកីឡាជាតិឆ្នាំនេះគឺដណ្ដើមយកលេខ១ និងជឿជាក់ថានឹងទទួលបានមេដាយច្រើនជាងមុន។
តំណាងកីឡាក្រសួងការពារជាតិខាងលើបន្ថែមទៀតថា កាលពីកីឡាជាតិលើកទី៣ ក្រសួងការពារជាតិដាក់បញ្ចូលត្រឹម ២២ប្រភេទកីឡានោះទេ ប៉ុន្តែឆ្នាំនេះមានចំនួនច្រើនរហូតដល់ ៣០ ប្រភេទឯណោះ។ ឯកឧត្តមបញ្ជាក់ទៀតថា ផ្អែកលើលទ្ធផលមេដាយមាសដែលក្រសួងការពារជាតិឈ្នះនៅស៊ីហ្គេមកម្ពុជា កីឡាករ កីឡាការិនីមានសមត្ថភាព បទពិសោធច្រើន រួមទាំងដាក់បញ្ចូលប្រភេទកីឡាថ្មីបន្ថែមមានសក្ដានុពលផងនោះជឿជាក់ថាឆ្នាំនេះរឹតតែធ្វើបានល្អទទួលបានមេដាយច្រើនជាតិលើកមុនៗ។
ចំពោះការត្រៀមខ្លួន និងប្រមូលផ្ដុំក្រសួងការពារជាតិក៏បានអនុវត្តន៍ល្អ និងយូរផងដែរដើម្បីសម្រួចសមត្ថភាព បច្ចេកទេសឲ្យកាន់តែឈានឡើងពីមួយកម្រិតទៅមួយកម្រិតទម្រាំដល់ការប្រកួតដែលនឹងមកដល់នៅពេលខាងមុខនេះ។ អ្នកជំនាញផ្នែកកីឡារូបនេះបង្ហាញពីប្រភេទកីឡាសក្ដានុពលរបស់ក្រសួងការពារជាតិផងដែរដូចជា ប្រដាល់គុនខ្មែរ ប្រដាល់ឃីកបុកស៊ីង អត្តពលកម្ម វ៉ូវីណាម ជាដើម។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួតនេះ ៣៦ប្រភេទកីឡា និងត្រូវជា ៣២៨វិញ្ញាសា។ ក្នុងនោះមានការចូលរួមប្រកួតប្រជែងពី ២៥រាជធានី-ខេត្ត និង ៣ក្រសួង (ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។ ចំពោះក្រសួងការពារជាតិនឹងលេងលើ ៣០ប្រភេទកីឡា និងបញ្ជូនអត្តពលិកសរុប ៣២០នាក់ចូលរួមប្រកួតប្រជែង៕