Barca ច្រាន​ចោល​តម្លៃ​​​កប់​ពពក​ដែល​ PSG ស្នើទិញ​ Yamal ឮហើយ​ស្ទើរ​មិនគួរឲ្យជឿ

  • 2024-10-19 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jaon Laporta ប្រធាន​ក្លឹប​ Barcelona បាន​ទម្លាយ​ថា​ក្លឹប​បាន​​សម្រេច​ចិត្ត​​ច្រាន​ចោល​ការ​ផ្ដល់​តម្លៃ​ខ្ពស់​កប់​ពពក ២៥០​លាន​អឺរ៉ូ​​របស់ PSG មក​​លើ​ការ​ចង់​បាន Lamine Yamal ដែល​​ជា​យុវជន​​ទើប​តែ​១៧​ឆ្នាំ​ ប៉ុន្តែ​មាន​សមត្ថភាព​ខ្ពស់​​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​។

GOAL បាន​រាយការណ៍​ថា Paris Siant-Germain បាន​រៀបចំ​កញ្ចប់​តម្លៃ​២៥០​លាន​អឺរ៉ូ​សម្រាប់​ការ​​ចង់​​នាំ​យក Yamal ​ទៅ​កាន់​ទឹក​ដី​បារាំង​ ដែល​ជា​តម្លៃ​មួយ​​​ខ្ពស់​បំផុត​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ការ​ចង់​បាន​របស់​ក្លឹប​អ្នក​មាន​បារាំង​ព្រោះ​តែ​ពួក​គេ​សំឡឹង​ឃើញ​ថា យុវជន​ឆ្នើម​របស់​អេស្ប៉ាញ​រូប​នេះ​​​នឹង​អាច​បំពេញ​ច​ន្លោះ​ ដែល​ Kylian Mbappe បាន​ចាកចេញ​ទៅ​កាន់ Real Madrid ។

ការ​ច្រាន​ចោល​​នេះ​ព្រោះ​តែ Laporta ជឿ​ថា ​ទៅ​លើ​ទេពកោសល្យ​​របស់​យុវជន​ឆ្នើម​ Yamal នឹង​អាច​បង្កើត​ប្រវត្តិសាស្រ្ត​​ថ្មី​មួយ​ឲ្យ Barcelona ។ ដោយ​យោង​​ទៅ​លើ​ការ​លើក​ឡើង​របស់ Laporta ក្នុង​បទ​សម្ភាសន៍​មួយ​​ជាមួយ Barca One ប្រធាន​ក្លឹប​រូ​ប​នេះ​បាន​​និយាយ​យ៉ាង​ដូច្នេះ​ថា « ពួក​គេ​បាន​​ទាក់​ទង​​មក​កាន់​ខ្ញុំ​កាល​ពី​៦​ខែ​មុន ដោយ​ហ៊ាន​ផ្ដល់​តម្លៃ​រហូត​ដល់​​ទៅ​២៥​០​លាន​អឺរ៉ូ​ ហើយ​ក្នុង​​ពេល​នោះ​ខ្ញុំ​បាន​ឆ្លើយ​ NO ក្នុង​ពេល​នោះ​ភ្លាម​ៗ​តែ​ម្ដង​។ គេ (Yamal ) ជា​​កីឡាករ​ម្នាក់​ដែល​កំពុង​តែ​ស្ថិត​​នៅ​ចំណុច​កំពូល​មួយ​ក្នុង​​លោក​នា​ពេល​បច្ចុប្បន្ន...​»។

ប្រធាន​ក្លឹប​ដដែល​បាន​បន្ថែម​ថា ការ​សម្រេច​ចិត្ត​មិន​លក់​នៅ​ពេល​​នេះ ព្រោះ​តែ​លោក​ចង់​រក្សា​ទុក​គេ​ ដើម្បី​បន្ត​ជួយ​ក្រុម​លើ​ក​ពាន​សិន និង​សង្ឃឹម​ថា នឹង​អាច​​​លក់​គេ​ក្នុង​តម្លៃ​មួយ​ខ្ពស់​ជាង​នេះ​មួយ​កម្រិត​ទៀត​។ ​លោក​​ជឿ​ថា​វា​ជា​ការសម្រេច​ចិត្ត​មួយ​ដ៏​ត្រឹម​ត្រូវ​ ខណៈ​ដែល Flick កំពុង​តែ​ធ្វើ​រឿង​ជា​​ច្រើ​ន​​ ដើម្បី​ធ្វើ​ឲ្យ​ Barcelona ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​៕ ​​

.

Daro Ly

អត្ថបទថ្មី