ចូលទស្សនាដោយសេរី ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅចុងឆ្នាំ ២០២៤នេះ នៅទ័ពអាកាសពោធិចិនតុង

  • 2024-10-21 03:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ ២០២៤ (Air & Tech Show 2024) លើកទី៤ បានប្រកាសពីថ្ងៃប្រារព្ធកម្មវិធី ចាប់ពីថ្ងៃទី១៣ រហូតដល់ទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ នៅឯទ័ពអាកាសពោធិចិនតុង។

បងប្អូនប្រជាជនខ្មែរ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជន អាចចូលទស្សនាដោយសេរី ដោយមានការដាក់តាំងបង្ហាញយន្តហោះពិសេសៗជាច្រើនគ្រឿង មានទាំងយន្តហោះក្នុងប្រទេស និងមកពីក្រៅប្រទេសផងដែរ។

ក្រៅពីមានការតាំងបង្ហាញយន្តហោះផ្សេងៗហើយនោះ នៅក្នុងព្រឹត្តិការណ៍នេះក៏បានរៀបចំនូវការប្រកួតស្នាដៃបច្ចេកវិទ្យាដែលបង្កើតឡើងដោយយុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ទៅលើវិញ្ញាសាពិសេសៗ ចំនួន ៤ដូចជា៖ ការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បាំង និងការប្រកួតប្រណាំងដ្រូន។

បន្ថែមលើពីនេះ រយៈពេល ៣ថ្ងៃ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការស្តង់ជាច្រើន ដើម្បីតាំងបង្ហាញឧបករណ៍បច្ចេកវិទ្យាប្លែកៗ ដែលជាស្នាដៃរបស់កូនខ្មែរ ព្រមជាមួយការធ្វើបទបង្ហាញចែករំលែកចំណេះដឹងផ្សេងៗ ពីសំណាក់វាគ្មិន ដែលពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ និង បច្ចេកវិទ្យាផងដែរ។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា ដោយមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់៕