លោក​ស្រី​ ចូវ​ សុធារ៉ា៖​ ខេស៊ី​ បាណេត​ ជា​ថ្នាក់ដឹកនាំ​ឆ្នើម​ និង​លះបង់ ​ថវិកា​ ពេលវេលា​ច្រើន​ លើកស្ទួយ​កីឡា​ចំបាប់​

  • 2024-10-25 10:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ ចូវ​ សុធារ៉ា​ បាន​លើក​អំពី​គុណបំណាច់​ និង​ការ​លះបង់​ជា​ច្រើន​របស់​លោក​ ខេស៊ី​ បាណេត​ ជា​មួយ​កីឡា​ចំបាប់​មាន​ទាំង​ថវិកា​ ពេលវេលា​ និង​ការ​លើក​ទឹកចិត្ត​ដើម្បី​ជំរុញ​ឲ្យ​កីឡា​មួយ​នេះ​មាន​រីកចម្រើន​ជា​បន្តបន្ទាប់។​

គ្រូ​បង្វឹក​កីឡា​ចំបាប់​ជម្រើស​ជាតិ​លោក​ស្រី​ ចូវ​ សុធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​គុណបំណាច់​របស់​លោក​ ខេស៊ី​ បាណេត​ ចំពោះ​កីឡា​ចំបាប់​វិញ​គឺ​មាន​ច្រើន​ដូច​ជា​ការ​លះបង់​ថវិកា​ផ្ទាល់​ខ្លួន​រៀបចំ​ការ​ប្រកួត​ផ្សេងៗ​ទាំង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។​ ការ​លះបង់​ពេល​វេលា​ចុះ​ទៅ​ជា​មួយ​ក្រុម​ចំបាប់​មាន​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក​ និង​ការ​ប្រកួត​សំខាន់ៗ​ក្រៅ​ស្រុក​ពោល​លោក​តែង​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ និង​ជួយ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​តម្រូវ​ការ​ផ្សេងៗ​ផ្ទាល់​តែ​ម្ដង។​ ការ​លះបង់​ពេលវេលា​ជា​មួយ​ក្រុម​ចំបាប់​ ពោល​រាល់​ការ​ប្រកួត​បើ​ទោះ​ជា​លោក​រវល់​ការងារ​ផ្ទាល់​ខ្លួន​យ៉ាងណា​ក្ដី​គឺ​តែងតែ​ឆ្លៀត​មក​ចូលរួម​ជា​និច្ច​ ពិសេស​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ចំបាប់​នៅ​ឯក្រៅ​ប្រទេស។​

អតីត​កីឡា​ការិនី​ចំបាប់​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ មិន​ត្រឹម​តែ​លោក​ ខេស៊ី​ បាណេត​ ប៉ុណ្ណោះ​ទេ​ ពោល​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ដែល​ជា​ប្រធាន​សហព័ន្ធ​ក៏​បាន​លះបង់​ច្រើន​ដូច​គ្នា​។ អ្នក​ទាំង​ពីរ​បាន​ផ្ដល់​អនុសាសន៍​ល្អៗ​ រួម​ទាំង​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​ ការ​បណ្ដុះបណ្ដាល​ និង​សកម្មភាព​លើកស្ទួយ​ដល់​កីឡាករ​ កីឡា​ការិនី​ និង​បណ្ដា​ក្លឹប​ផ្សេងៗ​ជា​និច្ច​ដើម្បី​ឲ្យ​វិស័យ​កីឡា​មួយ​នេះ​រួម​ទាំង​សហព័ន្ធ​ចំបាប់​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់។​

បញ្ជាក់​ដែរ​ថា​ លោក​ ខេស៊ី​ បាណេត​ ត្រូវ​បាន​អ្នក​ក្នុង​មជ្ឍដ្ឋាន​កីឡា​ស្គាល់​ និង​ដឹង​គ្រប់​គ្នា​ថា​លោក​ជា​អ្នក​ស្រឡាញ់​ចូលចិត្ត​វិស័យ​កីឡា​ម្នាក់​នៅ​កម្ពុជា។​ លោក​ជាអនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​ និង​បាន​ចំណាយ​ថវិកា​ឧបត្ថម្ភ​ជា​ច្រើន​ដល់​សហព័ន្ធ​ កីឡាករ​ កីឡា​ការិនី​ លើ​ការ​លើក​ទឹកចិត្ត​ សម្ភារ​ហ្វឹកហាត់​ ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​តុលា​ ឆ្នាំ​២០២៤​ ថ្មីៗនេះ​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​សាកល្បង​បច្ចេកទេស​យុវជន​ដែល​បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​តាម​ខេត្ត​បាន​ចូលរួម​ទៀត​ផង៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី