វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកមកពីសិង្ហបុរី អះអាងថា ជំងឺមហារីកសួត ពិតជាអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាពខ្ពស់

  • 2024-10-27 14:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលនិយាយដល់ជំងឺមហារីក មនុស្សជាច្រើន តែងតែមានការតក់ស្លុត ដ្បិតថា វាជាជំងឺដ៏កាចសាហាវ និងពិបាកក្នុងការព្យាបាលឲ្យជាសះស្បើយ។ ប៉ុន្ដែ បើតាមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកបានអះអាងថា ជាមួយនឹងការរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន ការព្យាលបាលជំងឺមហារីក ដែលគេតែងតែខ្លាចរអានេះ អាចធ្វើទៅបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា។

លោកស្រី Tanujaa វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកទូទៅ នៃមជ្ឈមណ្ឌលជំងឺមហារីក Parkway Cancer បានបញ្ជាក់ថា ជំងឺមហារីកមានច្រើនប្រភេទ ហើយវាអាចកើតមាននៅលើសិរីរាង្គផ្សេងៗរបស់មនុស្ស ដូចជា មហារីកសួត, មហារីកទាក់ទងនឹងសរីរាង្គក្បាល និង ក, មហារីកប្រព័ន្ធផ្លូវភេទ, តម្រង់នោម, ក្រពេញប្រ៉ូស្តាត និងមហារីកសុដន់ជាដើម។ ក្នុងចំណោមនោះ មហារីកសួត គឺជា ប្រភេទជំងឺមហារីក ដែលកើតមានច្រើនជាងគេ បន្ទាប់មក គឺជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំ។

បើតាមលោកស្រីវេជ្ជបណ្ឌិត Tanujaa អ្នកដែលប្រឈមនឹងការកើតមានជំងឺមហារីកសួតខ្លាំងជាងគេ គឺជាអ្នកដែលជក់បារីច្រើន, អ្នកប្រឈមនឹងការស្រូបផ្សែងបារី និង អ្នកដែលទទួលការចាក់គីមី ឬបាញ់កាំរស្មីសម្រាប់ការព្យាបាលជំងឺផ្សេងៗជាដើម។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា មានមនុស្សជាច្រើនបានគិតខុសចំពោះជំងឺមហារីកសួត ដោយពីពួកគេយល់ថា វាជាប្រភេទជំងឺ ដែលមិនអាចព្យាបាលបាន ឬនៅពេលកើតហើយ អ្នកជំងឺអាចរស់បានក្នុងរយៈពេលខ្លីជាដើម។ ប៉ុន្ដែ ផ្ទុយទៅវិញ ជំងឺមហារីកសួត នាពេលបច្ចុប្បន្ននេះ គេអាចព្យាបាលវាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ហើយអ្នកជំងឺនៅតែអាចបន្ដរស់បានយូរឆ្នាំ និងមិនប្រឈមការលាប់ជំងឺមកវិញនោះឡើយ។

លោកស្រីវេជ្ជបណ្ឌិត Tanujaa បានអះអាងថា ការព្យាបាលជំងឺមហារីកសួត ត្រូវបានធ្វើឡើងទៅតាមដំណាក់កាលនៃប្រភេទ និងលក្ខណៈជាក់ស្ដែងនៃជំងឺ។ តួយ៉ាង នៅដំណាក់កាលទី១ ឬទី២ គេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់យកកោសិកា ដែលខុសប្រក្រតីនោះចេញ បន្ទាប់មកអាចធ្វើការបាញ់កាំរស្មី, ការចាក់គីមី និងការប្រើប្រាស់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងជំងឺមហារីក (Immunotherapy) ជាដើម។ រីឯ ដំណាក់កាលទី៣វិញ គេអាចព្យាបាលដោយការបាញ់កាំរស្មី, ការចាក់គីមី, Immunotherapy និងវិធីសាស្ត្រផ្សេងទៀត ស្របទៅតាមដំណើរការវិវត្តជាក់ស្ដែងនៃជំងឺមហារីកនោះ។ ដោយឡែក សម្រាប់ការព្យាលបាលនៅដំណាក់កាលទី៤វិញ គឺគេប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយ ដោយការចាប់យកម៉ូលេគីល ស្វែងរកកោសិកាដែលមិនប្រក្រតី ដែលជាកោសិកាមហារីក ហើយប្រើប្រាស់ថ្នាំដើម្បី សម្លាប់កោសិកោមហារីកនោះ កុំឲ្យបន្ដរីករាលដាល។ ការព្យាបាលទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងសកលលោក ពិសេសនៅមជ្ឈមណ្ឌល Parkway Cancer ជាមួយនឹងអត្រាជោគជ័យខ្ពស់ ដែលជួយឲ្យអ្នកជំងឺមានអត្រារស់ខ្ពស់។

លោកស្រីវេជ្ជបណ្ឌិត Tanujaa បានលើកយកនូវបទពិសោធន៍ផ្ទាល់ ដែលធ្លាប់ព្យាបាលអ្នកជំងឺជាស្ត្រីម្នាក់ ដែលមានជំងឺមហារីកដំណាក់កាលទី៤ ទាំងដែលគាត់កំពុងមានផ្ទៃពោះ។ នៅពេលនោះ អ្នកជំងឺ គាត់មានអាការៈក្អកខ្លាំង និងក្អកធ្លាក់ឈាមទៀតផង។ ប៉ុន្ដែ ក្រោយពីទទួលបានការព្យាបាលត្រឹមត្រូវ តាមរយៈការប្រើប្រាស់ថ្នាំ (ញ៉ាំតាមមាត់) អ្នកជំងឺអាចសម្រាលកូនបានដោយជោគជ័យ ហើយកោសិកាមហារីករបស់គាត់ ក៏លែងមានតទៅទៀត។ គិតមកទល់ពេលនេះ មានរយៈពេល ៧ឆ្នាំ ដែលគាត់នៅបន្ដមានជីវិតរស់នៅធម្មតា ជាមួយក្រុមគ្រួសាររបស់គាត់ដោយសុភមង្គល។

មជ្ឈមណ្ឌលមហារីក Parkway ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ដោយផ្តោតសំខាន់លើការផ្តល់ជូននូ វការថែទាំមហារីកយ៉ាងទូលំទូលាយជាមួយនឹងការសង្កត់ធ្ងន់យ៉ាងខ្លាំងលើសុខុមាលភាពអ្នកជំងឺ។ មជ្ឈមណ្ឌលមហារីក Parkway មានបន្ទប់ព្យាបាលជំងឺមហារីកយ៉ាងទូលំទូលាយ ដែលផ្តល់ទំនុកចិត្ត ដោយក្រុមគ្រូពេទ្យពហុជំនាញ ដែលមានបទពិសោធន៍យូរឆ្នាំ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទីប្រឹក្សា និងគ្រូពេទ្យជំនាញផ្សេងទៀត។ សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់យើង៖ www.parkwaycancercentre.com