"1660 VINE" ជាភាពយន្ដលាយតន្ដ្រីដំបូងគេនៅកម្ពុជា ក្រោមស្នាព្រះហស្ថសម្តែងរបស់អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី

  • 2024-10-28 09:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត Hollywood រឿង "1660 VINE" ជាប្រភេទភាពយន្តលាយឡំជាមួយនឹងតន្ត្រីថ្មីមួយ​ដំបូងគេនៅកម្ពុជា និពន្ធដោយផលិតករបរទេស ក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយ អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី។

អ្នកអង្គម្ចាស់ គឺជាព្រះរាជភាគិនេយ្យ​ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី។

ទើបចម្រើនព្រះជន្មបាន ២៧ ព្រះវស្សា​ តែអ្នក​អង្គ​ម្ចាស់ មានរូបសម្បត្ដិស្រស់សង្ហារ ថែមទាំងមានព្រះទេពកោសល្យក្នុងវិស័យសិល្បៈពិសេសចម្រៀង និងសម្ដែងទៀតផង។ នៅក្នុងផ្ទៃរឿងទាំងមូល ស្នាព្រះហស្ថរបស់ទ្រង់ត្រូវបានអ្នកទស្សនានៅក្នុងថ្ងៃ Pre Screening សរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យដ៏ល្អអស្ចារ្យមួយនេះ។

នៅថ្ងៃសម្ភោធ The premier show នៃខ្សែភាពយន្ដរឿង "1660 Vine" ក្រៅពីមានព្រះរាជវត្តមាន​សែរាជវង្ស និងថ្នាក់ដឹកនាំដែលជាបុគ្គលល្បីៗ គេ​ក៏ឃើញ​មានវត្ដមានសិល្បករ សិល្បការិនី បវរកញ្ញាលំដាប់ប្រទេសកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួមជាភ្ញៀវកិត្តយស និង ដើរលើកម្រាលព្រំដ៏អស្ចារ្យនៅក្នុងរាត្រីដ៏គួរឱ្យចងចាំនេះផងដែរ។

គួរបញ្ជាក់ផងដែរថា រឿង « 1660 Vine » នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Smart ថ្ងៃទី 15 វិច្ឆិកា 2024 ឆាប់ៗខាងមុខនេះ នៅគ្រប់រោងភាពយន្តទូទាំងខេត្ត-ក្រុង នៃប្រទេសកម្ពុជា។

ជិន សុភ័ក្ដ្រ