ក្រសួងបរិស្ថាន៖ កង្វះហេដ្ឋារចនាសម្ព័ន្ធញែកសំរាម គឺជាឧបសគ្គដ៏លំបាកដល់ការកែច្នៃសំរាម សំណល់រឹងនៅកម្ពុជា
- 2024-11-02 03:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបរិស្ថាន៖ កង្វះហេដ្ឋារចនាសម្ព័ន្ធញែកសំរាម គឺជាឧបសគ្គដ៏លំបាកដល់ការកែច្នៃសំរាម សំណល់រឹងនៅកម្ពុជា
ចន្លោះមិនឃើញ
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចាត់ទុកកង្វះហេដ្ឋារចនាសម្ព័ន្ធញែកសំរាម ឬធុងញែកសំរាម សំណល់រឹង គឺជាឧបសគ្គដ៏លំបាកដល់ដំណើរការកែច្នៃសំរាម សំណល់រឹងនៅកម្ពុជា។ ទន្ទឹមគ្នានេះ វិស័យឯកជននានា នឹងក្លាយជាដៃគូកាន់តែខ្លាំងក្លាជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរួមចំណែកក្នុងយុទ្ធនាការ “ផ្ទៃមេឃពណ៍ខៀវ” និង”សូន្យសុទ្ធ” ២០៥០។
ថ្មីៗនេះក្រុមហ៊ុន កូកា-កូឡាកម្ពុជា បានផ្ដល់ធុងញែកសំរាមចំនួន ៤១ធុង ទៅតាមសាលារៀននានា ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយក្រុមហ៊ុនចាត់ទុកថា ជំនួយនេះនឹងរួមចំណែកក្នុងយុទ្ធនាការ “ផ្ទៃមេឃពណ៍ខៀវ” និង”សូន្យសុទ្ធ” ២០៥០។ ការផ្ដល់ជូនធុងញែកសំរាមនេះ ក៏ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តចំពោះការខិតខំប្រឹងប្រែងលើផ្នែកចីរភាព និងគាំពារបរិស្ថានដែរ។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនង កិច្ចការសាធារណៈ និងចីរភាព នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបញ្ជាក់អំពីឆន្ទៈគាំពារបរិស្ថានថា “យើងមានការប្ដេជ្ញាចិត្តកាត់បន្ថយសំណល់ និងលើកស្ទួយដល់ការកែច្នៃសំណល់ ហើយស្មារតីនេះ គឺដើរស្របទៅនឹងគោលដៅសកលរបស់យើងនិងស្ថានភាពជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា”។
កញ្ញាបន្ថែមថា កត្តានេះ បានធ្វើឲ្យក្រុមហ៊ុនសម្រេចបាននូវលទ្ធផលជាផ្លែផ្កាមួយចំនួន សម្រួចឆ្ពោះទៅកសាងអនាគតមួយប្រកបដោយចីរភាព។ យើងទទួលស្គាល់ថាការកែច្នៃសំណល់ប្រកប ដោយភាពជោគជ័យ ពិតជាមានតួនាទីសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថក្នុងសហគមន៍។
គម្រោងនៃការចែកធុងសំរាមកែច្នៃនេះមានគោលបំណងក្នុងការចូល រួមជាមួយយុវជនក្នុងការយល់ដឹងអំពីរបៀបនៃការញែកសំរាម សំណល់រឹង និងការស្វែងរកគុណតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន។ តាមរយៈការបណ្តុះទម្លាប់ទាំងនេះដល់ក្មេងៗជំនាន់ក្រោយ យើងរួមគ្នានឹងបង្កើតឥទ្ធិពលរលកទៅដល់គ្រួសាររបស់ពួកគេ ក៏ដូចជាសហគមន៍ទាំងមូល។
ទាក់ទងរឿងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ មានប្រសាសន៍ថា កង្វះហេដ្ឋារចនាសម្ព័ន្ធ នៃការញែកសំរាមសំណល់រឹង គឺជាឧបសគ្គដ៏លំបាកមួយក្នុងការកែលម្អការកែច្នៃសំរាម សំណល់រឹង។
ឯកឧត្តម សាបូ អូហ្សាណូ៖ “យើងខ្ញុំពិតជារំភើបក្នុងការសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដោយមានការគាំទ្រពី ក្រុមហ៊ុន កូកា-កូឡា រួមទាំងការផ្តួចផ្តើមគំនិតក្នុងការគ្រប់ គ្រងសំរាម សំណល់រឹងដ៏សំខាន់ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលផងដែរ។ បើទោះបីថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើម ហើយយើងមានផ្លូវវែងឆ្ងាយទៀតដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងក៏ដោយ ក៏ខ្ញុំសូមកោតសរសើរ និងមានការលើក ទឹកចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់យុវជនយើង ហើយខ្ញុំជឿជាក់ថាយើងអាចធ្វើការរួមគ្នាដើម្បីកសាងប្រទេសកម្ពុជាឲ្យកាន់តែស្អាត ប្រកបដោយភាពបៃតង និងនិរន្តរភាព”។
ជាមួយគ្នានេះ តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំប្រទេសកម្ពុជា គឺកញ្ញា ស៊ូមី គីម យល់ថា ការផ្តួចផ្តើមតាមរយៈការអប់រំមួយនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការកសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត និងមាននិរន្តរភាពជាងមុន។ គោលបំណងនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីបង្កើនបរិមាណសំរាម សំណល់រឹងដែលអាចកែច្នៃឡើងវិញ៕