អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ៖ ពេញចិត្តជាខ្លាំងចំពោះការរីកចម្រើនរបស់យុវជនបន្ទាប់ពីចូលរួមប្រកួតកីឡាជាតិលើកទី៤
- 2024-11-11 09:42:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ៖ ពេញចិត្តជាខ្លាំងចំពោះការរីកចម្រើនរបស់យុវជនបន្ទាប់ពីចូលរួមប្រកួតកីឡាជាតិលើកទី៤
ចន្លោះមិនឃើញ
អគ្គលេខាធិការ និងជាគ្រូបង្វឹកជើងចាស់នៃកីឡាកាយសម្ព័ន្ធមានសេចក្ដីរីករាយជាខ្លាំងបន្ទាប់ពីឃើញយុវជនថ្នាលចូលរួមការប្រកួតកីឡាជាតិឆ្នាំនេះមានចំនួនច្រើន និងបង្ហាញពីភាពរីកចម្រើននៃលក្ខណៈបច្ចេកទេសតែម្ដង។
ឯកឧត្ដម ណយ ផាន់ណា អគ្គលេខាធិការខាងសហព័ន្ធខាងលើបានឲ្យដឹងក្រោយបញ្ចប់ការប្រកួតនៅកីឡាជាតិ លើកទី៤ នេះថាការប្រកួតប្រជែងមានភាពស្វិតស្វាញ និងបានបញ្ចប់ដោយរលូន សុខសុវត្ថិភាពមិនមានជួបបញ្ហាប្រឈម ឬគ្រេចដៃជើងអ្វីនោះទេ។
ដែលធ្វើឲ្យឯកឧត្ដមសប្បាយរីករាយទៀតនោះគឺមានការចូលរួមច្រើនពីយុវជន និងការបង្ហាញលក្ខណៈបច្ចេកទេសគឺល្អមានភាពរីកចម្រើន។ ជាមួយគ្នានេះថ្នាក់ដឹកនាំសំខាន់របស់សហព័ន្ធកីឡាកាយសម្ព័ន្ធខាងលើសំណូមពរដល់គ្រូបង្វឹកបន្តខំប្រឹងបង្ហាត់បង្ហាញដល់កីឡាករ កីឡាការិនីពង្រឹងសមត្ថភាពបន្ថែមត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន អំឡុងខែធ្នូ ឆ្នាំ២០២៤ នេះបន្តទៀត។ ពិសេសម្ចាស់មេដាយកីឡាជាតិលើកទី៤ ត្រូវបន្តខំប្រឹងដើម្បីអាចរក្សានូវជ័យជម្នះរបស់ខ្លួនឲ្យបានផងដែរ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ចប់ការប្រកួតកីឡាជាតិរបស់ខ្លួនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយចំណាយពេល ២ថ្ងៃ ក្នុងសាលហ្វឹកហាត់របស់សហព័ន្ធនៃពហុកីឡដ្ឋានជាតិ។ ចំណាត់ថ្នាក់លេខ១ បានលើក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៥ ប្រាក់៧ សំរឺទ្ធ១ សរុប១៣គ្រឿង លេខ២ បានលើក្រសួងការពារជាតិ ឈ្នះមេដាយមាស៣ ប្រាក់២ សំរឹទ្ធ៥ សរុប១០គ្រឿង លេខ៣ បានលើខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស៣ ប្រាក់១ សំរឹទ្ធ៣ សរុប៧គ្រឿង លេខ៤ បានលើខេត្តក្រចេះ ឈ្នះមេដាយមាស២ ប្រាក់៣ សំរឹទ្ធ៤ សរុប៩គ្រឿង៕