សហព័ន្ធ​កីឡា​អេឡិចត្រូនិក៖​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៤​ របស់​ខ្លួន​

  • 2024-11-13 04:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ កាល​ពី​ម្សិលមិញ​នេះ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​ខ្លួន​ហើយ​ដោយ​ក្នុង​នោះ​វិញ្ញាសា eFootball ប្រកួត​នៅថ្ងៃទី១៩-២០ វិច្ឆិកា ខណៈ​វិញ្ញាសា MLBB ប្រកួត​នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា នៅ​ T.Y Center។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ លើក​ឡើង​ថា​ កីឡាករ​ កីឡា​ការិនី​ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ត្រូវ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ បច្ចេកទេស ​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​ ត្រៀម​ខ្លួន​លក្ខណៈ​ឲ្យបានពេញលេញ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ជា​មួយ​គ្នា​នោះ​ដែរ​ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ផ្ដល់អនុសាសន៍​សង្កត់ធ្ងន់​ដល់​មន្ត្រី​បច្ចេកទេស​ គណៈកម្មការរៀបចំ​ការ​ប្រកួត​ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​យុត្តិធម៌​ និង​ធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន​ៗ​ទៅ​ទៀត។​ ដោយ​សារ​ប្រភេទ​កីឡា​នេះ​ជា​កីឡា​អេឡិចត្រូនិក​ប្រើ​បច្ចេកវិទ្យា​ ដូច្នេះ​ហើយ​គណៈកម្មការ​រៀបចំ​ត្រូវ​ផ្ដោត​ខ្លាំង​លើ​តម្លាភាព​ នៃ​ការ​ប្រកួត​ដើម្បីឈាន​ទៅ​រក​បាន​នូវ​កីឡាករ​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ត្រៀម​តំណាង​កម្ពុជា។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ សន្និសីទ​សារព័ត៌មាន​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​នេះ​គឺ​នៅ​ថ្ងៃ​ទី១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ក្រសួង​ព័ត៌មាន​ ដោយ​បាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ ប្រធាន​សហព័ន្ធ​ និង​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ តំណាង​ NOCC ​រួម​ទាំង​កីឡាករ​ កីឡា​ការិនី​ ម្ចាស់​ឧបត្ថម្ភ​នានា​ផង​ដែរ៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​