រយ:ពេល៣ថ្ងៃ បុណ្យភូមិមានជើងបាននាំមនុស្ស១ម៉ឺន៥ពាន់នាក់ ទៅកាន់តំបន់ច្រើនកន្លែង និង យល់ដឹងពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី

  • 2024-11-27 07:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយ:ពេលបីថ្ងៃនៃមហោស្រពសិល្ប: បុណ្យភូមិមានជើងនៅខេត្តមណ្ឌលគិរីបានបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកចូលរួមលេងកម្សាន្តរហូតដល់ទៅ១ម៉ឺន៥ពាន់នាក់ ដោយបានស្វែងយល់ពីវប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច ចូលរួមលេងល្បែងកំសាន្ត ភ្លក់ម្ហូបឆ្ងាញ់របស់ជនជាតិដើម ព្រមទាំងទស្សនាតំបន់​ទេសចរណ៍នៅខេត្តមណ្ឌលគិរី។

លក្ខណ:ពិសេសនៃមហោស្រពសិល្ប:បុណ្យភូមិមានជើង បានចែកកាលវិភាគកម្សាន្តទៅតាមទីតាំងផ្សេងៗនៅក្នុង ខេត្តមណ្ឌលគិរី ដែលជាកត្តាមួយធ្វើអោយអ្នកមកលេងបុណ្យភូមិមានជើង អាចទៅកាន់តំបន់នានាដូចជា៖

ពេលព្រឹក ថ្ងៃទីមួយ អ្នកចូលរួមបានទៅកាន់សាលាបឋមសិក្សាពូលូនដើម្បីទស្សនាពីការសិក្សារបស់កុមារពីរភាសា (ភាសាជនជាតិដើម និង ភាសាខ្មែរ) ព្រមទាំងចូលរួមអបអរសាទរ ទិវាកុមារពិភពលោក។

នាព្រឹកថ្ងៃទីពីរ ភ្ញៀវទេសចរបានទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាដែលជារមណីយដ្ឋានធម្មជាតិ ដោយមិនអាច មិនទៅកម្សាន្តមិនបាន។ ហើយពេលថ្ងៃត្រង់ ភ្ញៀវទេសចរក៏មកកម្សាន្តនៅភូមិជនជាតិដើមភាគតិចនៅ ភ្នំដោះក្រមុំចូលរូួមលេងល្បែងប្រជាប្រិយ ទស្សនាតន្រ្តីជនជាតិដើមភាគតិច និង ពិសារសម្លរព្រោង។ នាពេល រាត្រីភ្ញៀវទេសចរក៏ទៅកាន់ទីតាំងសួនដំរីដែក ដើម្បីទស្សនាការប្រគំតន្រ្តីដ៏ធំនៅក្នុងទឹកដីខេត្តមណ្ឌលគិរី។

នាព្រឹកថ្ងៃទីបី ភ្ញៀវទេសចរបានធ្វើដំណើរទៅកាន់ភូមិពូតាំង ដែលជាភូមិជនជាតិដើមភាគតិច ទស្សនានូវ ដំរីលេងខ្លួន ដែលក្រុមការងារភ្លើងគប់ និង បុណ្យភូមិ បានតម្លើងស័ក និង ឈុតបុរាណដល់ដំរីដែលមានតម្លៃ ជាង១០០០ដុល្លា។ នាពេលថ្ងៃត្រង់ និង រសៀល ភ្ញៀវទេសចរក៏ត្រលប់មកជើងភ្នំដោះក្រមុំវិញដើម្បីលេង ល្បែងប្រជាប្រិយ និង ទស្សនារបាំជនជាតិដើមភាគតិច និង ក្រាលកន្ទេលមើលល្ខោនខោល។

កញ្ញា រិទ្ធី លំអពេជ្រ សហស្ថាបនិកបុណ្យភូមិបានលើកឡើងថា៖ «បេសកម្ម​របស់ខ្លួ​​ននៅ​ខេត្តម​ណ្ឌលគិរី សង្ឃឹមថាវានឹងក្លាយជាការ​បើ​ក​ទំព័​រមួយដល់​កម្មវិ​ធី​យុវជន​ផ្សេងៗចូលមកខេត្តមណ្ឌលគិរី ក៏ដូច​ជាបណ្តាខេត្តផ្សេ​ងទៀតនៅ​ភូមិភា​គ​ឦ​សាន»។ «បងប្អូនជនជាតិដើមភាគតិច ពិតជាត្រូវការយើង ដើម្បីនាំយកសំឡេង និងផ្សព្វផ្សា​យពីវប្បធម៌ប្រពៃណីរបស់ពួកគាត់...នៅដល់ទីណាក៏ដោយ យើងរស់នៅទឹកដី​ ខ្មែរតែមួយ»​។ កញ្ញាបន្ត​ថាជា​​​មួយនឹងបេសកកម្មរបស់មហោស្រពសិល្បៈបុណ្យភូមិមានជើងគឺ នឹងធ្វើដំណើរទៅ​កាន់គ្រប់ទីក​ន្លែ​ង​ដា​ច់​ស្រ​យាលទាំងឡាយណា​ដែល ប្រជាជនកម្ពុជាដែលគាត់មិនដែលសូវបានចាប់អារ​ម្មណ៍​។

សូមបញ្ចាក់ថាបុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរីនេះធ្វើឡើងរយ:ពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ដោយមានការរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ សហការជាមួយអង្គការ Unicef ប្រចាំប្រទេសកម្ពុជា ឧបត្ថម្ភដោយ KampumEra។ បុណ្យភូមិមានជើង សង្ឃឹមថានឹងបន្តបេសកម្មរបស់ខ្លួនដើម្បីផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដទៃបន្តទៀតនៅឆ្នាំក្រោយ។