ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD អន្តរជាតិ ខេត្តព្រះសីហនុ បើកការប្រកួតជាផ្លូវការហើយនៅថ្ងៃទី២៩ វិច្ឆិកា ២០២៤
- 2024-11-29 05:04:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD អន្តរជាតិ ខេត្តព្រះសីហនុ បើកការប្រកួតជាផ្លូវការហើយនៅថ្ងៃទី២៩ វិច្ឆិកា ២០២៤
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD អន្តរជាតិ ដែលមិនធ្លាប់មាននៅខេត្តព្រះសីហនុ បានបើកការប្រកួតជាផ្លូវការហើយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែរតំណាងគណៈកម្មការរៀបចំការប្រកួតប្ដេជ្ញានឹងរៀបចំឲ្យរលូនល្អ និងទទួលបានភាពជោគជ័យ។
លោក វង្ស គឹមហួត ប្រធានគណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD អន្តរជាតិ ក្នុងខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃនេះមាន ៣វិញ្ញាសាគឺ វិញ្ញាសាទី១ Class A (Hard Core) ឆ្លងកាត់ឧបសគ្គខ្លាំងបំផុត វិញ្ញាសាទី២ Class B (Hard Core) និងវិញ្ញាសាទី៣ Class C (Overland)។ ការប្រកួតនឹងធ្វើឡើងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ទើបបញ្ចប់ និងរកឃើញជើងខ្លាំងប្រចាំវិញ្ញាសានីមួយៗ។
ប្រធានគណៈកម្មាធិការបច្ចេកទេសរូបនេះបន្ថែមទៀតថា ការប្រកួតនេះគឺមានសារសំខាន់ចំពោះក្រុមកីឡាករកម្ពុជាបានស្វែងយល់បន្ថែមពីការប្រកួត និងទទួលបានបទពិសោធផ្សេងៗដើម្បីអភិវឌ្ឍន៍ចំណេះដឹងផ្នែកប្រណាំងក៏ដូចជាការត្រៀមខ្លួនយ៉ាងណាខ្លះឲ្យបានល្អមុនការប្រកួតមកដល់។ នេះជាឱកាសសម្រាប់ពួកគេសន្សំបទពិសោធត្រៀមនូវការប្រកួតកម្រិតអន្តរជាតិនៅឯក្រៅប្រទេសនាពេលខាងមុខៗទៀតផងដែរ។
តាមរយៈបទពិសោធជោគជាំនៅការប្រកួតអន្តរជាតិលោក វង្ស គឹមហួត បានប្ដេជ្ញាចិត្តរួមជាមួយក្រុមការងារនឹងរៀបចំដំណើរការ នៃការប្រកួតនៅខេត្តព្រះសីហនុនេះឲ្យរលូនល្អ និងទទួលបានជោគជ័យផងដែរដើម្បីមុខមាត់កម្ពុជាជាម្ចាស់ផ្ទះផង និងមុខមាត់ដល់មហាគ្រួសាររថយន្ត OFF ROAD កម្ពុជាផង។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF-ROAD អន្តរជាតិ ខេត្តព្រះសីហនុ នេះជាលើកទី១ ហើយដែលរៀបចំឡើងក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ការប្រកួតនេះមានរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ ១ ធ្នូ ឆ្នាំ២០២៤ នៅទីតាំងក្បែរឆ្នេរអូត្រេស។ រថយន្តប្រណាំងទាំងជាតិ អន្តរជាតិ មានសរុប ៥១គ្រឿង។ ការប្រកួតនេះដែររៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា សហការជាមួយក្រុមមហាគ្រួសារ OFF-ROAD រដ្ឋបាលខេត្តព្រះសីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការមួយចំនួនទៀត៕