លោក រិទ្ធ ឌីកា ​​​រៀបចំ​ពាន​ K Cup 888 ដើម្បី​​​ឲ្យ​អ្នក​លើស​​ទម្ងន់​ហើយ​ឈប់​លេង​​អាច​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​វិញ​​

  • 2024-12-03 13:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក រិទ្ធ ឌីកា ​នាយក​បច្ចេកទេស​របស់​ក្លឹប​បាល់ទាត់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​​បាន​​សម្រេច​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ពាន​រង្វាន់ K Cup 888 ឡើង​​​នៅ​តារាង​​បាល់ទាត់​​​​​​ក្នុង​វិទ្យាល័យ​​បឹង​កេត​កង​​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤​ ដល់​ថ្ងៃ​​​ទី​១២ ខែ​មករា ឆ្នាំ​២០២៥ ។

បើ​តាម​លោក​ រិទ្ធ ឌីកា បាន​​បញ្ជាក់​ថា ពាន​រង្វាន់​នេះ​​បង្កើត​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​អតីត​កីឡាករ​ឬ​អ្នក​ដែល​ស្នេហា​វិស័យ​បាល់ទាត់​​ ដែល​​បាន​វិវឌ្ឍន៍​មាឌ​ទៅ​ធាត់​ៗ ព្រោះ​តែ​ខាន​លេង​ ហើយ​គ្មាន​ឱកាស​បាន​ចូល​លេង​លើ​ទីលាន​ ទទួល​បាន​ឱកាស​បញ្ចេញ​ជាតិ​ពុល​​តាម​រយៈ​ការ​ចូលលេង​​ជា​មួយ​ពាន K Cup 888។ លោក​ពិត​ជា​​មាន​ភាព​រីករាយ​ខ្លាំង​មែន​ទែន ​ក្នុង​ការ​ផ្ដួចផ្ដើម​រៀបចំ​ពាន​​នេះ​ឡើង ព្រោះ​អី​​គ្រាន់​តែ​ប្រកាស​មិន​ដល់​១០ម៉ោង​ផង មាន​ក្រុម​សម្រេច​ចិត្ត​ចូលរួម​ដល់​ទៅ​១២ ។

​លោក​បន្ថែម​ថា ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ក្នុង​ការ​​រៀបចំ​ពាន​នេះ​ លោក​សម្រេច​យក​តែ​៨​ក្រុម​ទេ ដោយ​ធ្វើ​ការ​ចុច​យក​ក្រុម​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​។ ៨​ក្រុម​ដែល​ចូលរួម​នោះ​​​នឹង​ធ្វើ​ការ​បែក​ចែក​ពូល​ជា​ពីរ​ពូល​ ហើយ​ធ្វើ​ការ​ប្រកួត​​ជម្រុះ​នៅ​តាម​ពូល​នីមួយ​ៗ ដើម្បី​ស្វែង​រក​​ក្រុម​​ខ្លាំង​នៅ​តាម​ពូល​នីមួយ​ៗ​ស​រុប​៤​ក្រុម​ យក​មក​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

នាយក​បច្ចេកទេស​ដដែល​​បញ្ជាក់​ទៀត​ថា ​ដ្បិត​តែ​ការ​ចូលរួម​មាន​ការ​កំណត់​លក្ខខណ្ឌ​ ប៉ុន្តែ​ក៏​មាន​ការ​បន្ធូរបន្ថយ​ខ្លះ​ៗ​ដែរ ដើម​ឡើយ​​ក្រុម​ការងារ​កំណត់​​ថា​ត្រូវ​តែ​មាន​៨៨៨​គីឡូក្រាម​​ ក្នុង​ការ​​ចូលរួម​ប្រកួត​នៅ​លើ​ទី​លាន ប៉ុន្តែ​ប្រសិន​​បើ​មាន​ចំនួន​ទម្ងន់​មិន​គ្រប់​ក៏​ក្រុម​ការងារ​អាច​ធ្វើ​ការ​សម្រប​សម្រួល​ខ្លះ​ដែរ​ គ្រាន់​តែ​កុំ​ឲ្យ​ទម្ងន់​ខុស​គ្នា​ខ្លាំង​ពេក​។ ​ពាន​រង្វាន់​នេះ​ប្រសិន​មាន​ការ​គាំទ្រ​ខ្លាំងលោកសន្យា​ថា នឹង​បន្ត​រៀបចំ​​នា​ឆ្នាំ​ក្រោយ​ៗ​ ឬ​អាច​ធំ​​ជាង​នេះ​បន្ថែម​ទៀត។

​​​​​ពាន​រង្វាន់​នេះ​​មាន​លក្ខខណ្ឌ​កីឡាករ​ត្រូវ​មាន​អាយុ​ចាប់​ពី​៣៥​ឆ្នាំ​ឡើយ ហើយ​ទម្ងន់​​ត្រូវ​មាន​យ៉ាង​ហោច​៨៨៨​គីឡូក្រាម​នៅ​លើ​ទីលាន​កំពុង​ប្រកួត​​ កីឡាករ​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ ហើយ​សមាជិក​ត្រូវ​មាន​យ៉ាង​ហោច​ណាស់​២៥​នាក់​។ ​សូម​បញ្ជាក់​ថា ក្រៅ​ពី​ពាន K Cup 888 គីឡូក្រាម​ លោក រិទ្ធ ឌីកា​ ក៏​គ្រោង​រៀបចំ​ពាន​រង្វាន់​១​ទៀត​ដែល​មាន​ឈ្មោះ​ថា ពាន​អាយុ​៥០០​ឆ្នាំ​ ដោយ​តម្រូវ​ឲ្យ​កីឡាករ​ចូលរួម​បូក​សរុប​ចូល​គ្នា​ដាច់​ខាត​ត្រូវ​តែ​មាន​អាយុ​៥០០​ឆ្នាំ​ឡើង​ទៅ​ ហើយ​ពាន​រង្វាន់​​ប្លែក​នេះ​​គឺ​គ្រោង​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០២៥​ផងដែរ​៕

Daro Ly

អត្ថបទថ្មី