គ្រូបង្វឹកក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ៖ រីករាយចំពោះការបង្កើតសកម្មភាពផ្សេងៗ ប៉ុន្តែបើសហព័ន្ធមានជាការឧបត្ថម្ភសម្ភារដល់ក្លឹបតាមខេត្តទៀតរឹតតែល្អ
- 2024-12-04 05:03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ៖ រីករាយចំពោះការបង្កើតសកម្មភាពផ្សេងៗ ប៉ុន្តែបើសហព័ន្ធមានជាការឧបត្ថម្ភសម្ភារដល់ក្លឹបតាមខេត្តទៀតរឹតតែល្អ
ចន្លោះមិនឃើញ
គ្រូបង្វឹកប្រចាំក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ នៅឯខេត្តកំពង់ឆ្នាំងថាលោកសប្បាយរីករាយជាខ្លាំងនៅពេលសហព័ន្ធកីឡាចំបាប់កម្ពុជារៀបចំឲ្យមានជាការប្រកួត ឬសកម្មភាពផ្សេងៗកន្លងមក ប៉ុន្តែបើមានជាការឧបត្ថម្ភសម្ភារហ្វឹកហាត់កាន់តែប្រសើរថែមទៀត។
លោក ហ៊ូ សារិទ្ធ គ្រូបង្វឹកមកពីខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទំហំនៃទឹកចិត្តស្រឡាញ់ចំពោះកីឡាចំបាប់នេះគឺធំធេងណាស់សម្រាប់រូបលោកក៏ដូចជាអ្នកខេត្តកំពង់ឆ្នាំង។ រាល់ពេលបុណ្យទានម្ដងៗពិសេសនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺតែងតែប្រជុំគ្នាប្រកួតកីឡាចំបាប់បុរាណជានិច្ចជាការកម្សាន្តសប្បាយ។
ចំណុចទាំងនេះហើយទើបជំរុញទឹកចិត្តរបស់លោកបន្តចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាចំបាប់ទាំងបុរាណ-សម័យ ឲ្យគង់វង្សយូរអង្វែងបន្ថែមទៀត។ ព្រោះនេះជាប្រពៃណីបុរាណរបស់ខ្មែរដែលមានជាយូរលង់មកហើយ។ នៅពេលដែលឃើញសហព័ន្ធកីឡាចំបាប់កម្ពុជាបង្កើតឲ្យមានជាការប្រកួតជាបន្តបន្ទាប់ មានជាការបណ្ដុះបណ្ដាលផ្សេងៗផងនោះធ្វើឲ្យលោក ហ៊ូ សារិទ្ធ រឹតតែមានសង្ឃឹមចំពោះកីឡាមួយនេះ។
គ្រូបង្វឹកប្រចាំក្លឹបប្រយ៉ាបមានរិទ្ធបន្ថែមទៀតថា សព្វថ្ងៃនេះការបណ្ដុះបណ្ដាលធនធាន ឬការបង្ហាត់បង្រៀនដល់យុវជនក្នុងតំបន់របស់លោកគឺមិនមានជាការឧបត្ថម្ភថវិកាអ្វីនោះឡើយ ពោលធ្វើឡើងទៅតាមលទ្ធភាពផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។ យ៉ាងណាលោកក៏សំណូមពរដល់សហព័ន្ធចំបាប់ផងដែរប្រសិនជាអាចសូមជួយឧបត្ថម្ភសម្ភារហ្វឹកហាត់ផ្សេងៗដល់ក្លឹបនៅតាមបណ្ដាខេត្តដើម្បីជួយសម្រួលដល់លោក ឬគ្រូៗផ្សេងទៀតអាចងាយស្រួលដល់ការបង្ហាត់បង្រៀនដល់យុវជនថ្នាលជំនាន់ក្រោយផងដែរ។ ការជួយរបស់សហព័ន្ធជាការជំរុញទឹកចិត្តដល់លោកបន្តដំណើរពង្រីកធនធានចំបាប់ឲ្យមានកាន់តែច្រើនពិសេសនៅខេត្តកំពង់ឆ្នាំងនេះតែម្ដង។
បញ្ជាក់ដែរថា លោក ហ៊ូ សារិទ្ធ គឺជាគ្រូបង្វឹកប្រចាំក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកបានបង្ហាត់បង្រៀនសិស្សសរុបមកខ្ទង់រាប់រយនាក់មកហើយ ប៉ុន្តែដោយសារនេះមិនមែនជាកីឡាអាជីពដូច្នេះអ្នកខ្លះហាត់ចេះល្មមៗក៏ឈប់ទៅធ្វើការរកស៊ីដើម្បីជីវភាពប្រចាំថ្ងៃទៅវិញទៅលុះដល់មានពេលប្រកួតទើបហៅប្រមូលផ្ដុំមកវិញតាមជាក់ស្ដែង៕