ចិន កំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅលើកោះសិប្បនិម្មិត ធំជាងគេ នៅលើពិភពលោក

  • 2024-12-23 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន កំពុងសាងសង់ព្រលានយន្តហោះ នៅលើកោះសិប្បនិម្មិត ធំជាងគេនៅលើពិភពលោក ដែលមានឈ្មោះថា Dalian Jinzhou Bay International Airport ។ ព្រលានយន្តហោះរបស់ចិននេះ នៅពេលសាងសង់រួច នឹងមានទំហំ ២០ គីឡូម៉ែត្រការ៉េ ហើយមានផ្លូវ runways ចំនួន ៤។

ព្រលានយន្តហោះអន្តរជាតិហុងកុង Hong Kong International Airport មានទំហំ ១២,៤៨ គីឡូម៉ែត្រការ៉េ និង ព្រលានយន្តហោះអន្តរជាតិ Kansai International Airport មានទំហំ ១០ គីឡូម៉ែត្រការ៉េ កំពុងឈរឈ្មោះក្នុងបញ្ជីតារាងអាកាសយានដ្ឋាន ធំបំផុតនៅលើពិភពលោក ដែលសាងសង់នៅលើកោះសិប្បនិម្មិត។ ប៉ុន្តែនៅពេលដែលព្រលានរបស់ចិន Dalian Jinzhou Bay International Airport សាងសង់រួច នោះវានឹងឈរនៅលំដាប់ទី ១ វិញ។

គួរឱ្យដឹងថា ព្រលានយន្តហោះរបស់ចិននេះ សាងសង់ឡើងអាចទទួលអ្នកដំណើរប្រមាណ ៨០ លាននាក់ និង ជើងហោះហើរប្រមាណ ៥៤០ ០០០ ជើង ក្នុងមួយឆ្នាំៗ។ ការសាងសង់ធ្វើឡើងតាមដំណាក់កាល ដោយដំណាក់ទី ១ នឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ ២០៣៥។

ទីក្រុង Dalian ជាទីក្រុងកំពង់ផែ ដ៏សំខាន់របស់ខេត្ត Liaoning។ វាបានក្លាយជាសសៃឈាមទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត ដោយសារតែទីតាំងស្ថិតនៅជាប់សមុទ្រ និង ជាគោលដៅពេញនិយមសម្រាប់ ប្រទេសជប៉ុន និង កូរ៉េ។

វិស័យអាកាសចរណ៍ របស់ ចិន ត្រូវបានគេសន្និដ្ឋានថានឹងអាចវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំជាងគេនៅលើពិភពលោក ដោយទាមទារឱ្យមានព្រលានយន្តហោះ ប្រមាណ ៤៥០ កន្លែង នៅឆ្នាំ២០៣៥ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកដំណើរ៕

ប្រភព៖ CNN   ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី