ថ្នាក់ដឹកនាំ​តេក្វាន់ដូ WT៖ ជំរុញ​ស្មារតី​កីឡាករ​ កីឡាករ​ទាំង​អស់​បន្ត​ខំ​ប្រឹងប្រែងពង្រីងសមត្ថភាព​ឈាន​ដណ្ដើមមេដាយ​កម្រិត​ខ្ពស់

  • 2024-12-24 04:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ WT ជំរុញ​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​មិន​ថា​ឈុត​ធំ​ ឬ​ថ្នាល​នោះ​ទេ​គឺ​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ឈាន​ដល់​ការ​ដណ្ដើម​មេដាយ​កម្រិត​ខ្ពស់។​

ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ឯកឧត្តមជ្រិន សុធា បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ក្រុម​តេក្វាន់ដូ WT​ ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ជា​ច្រើន​មក​ហើយ​ និង​ធ្លាប់​ឆ្លងកាត់​ការ​ជម្រុះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កីឡា​អូឡាំពិក​ផង​ដែរ។​ ប៉ុន្តែ​ក្ដី​កម្ពុជា​នៅ​មិនទាន់​បាន​ឈ្នះ​មេដាយ​អូឡាំពិក​ដែល​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់​បំផុត​នៃ​កីឡា​នេះ​ទេ។​

តំណាង​សហព័ន្ធ​សូម​លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ឲ្យ​កាន់​តែ​រីកចម្រើន​ និង​ដាក់​ក្ដី​ស្រមៃ​ឲ្យ​បាន​កាន់​តែ​ខ្ពស់​ដូច​ជា​យក​មេដាយ​កីឡា​អូឡាំពិក​ឲ្យ​បាន​នៅ​ថ្ងៃ​ណា​សម្រាប់​កម្ពុជា​ជា​ដើម។​

រំលឹក​ដែរ​ថា​ ការប្រកួតកីឡាតេក្វាន់ដូWT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ដោយមានក្លឹបកីឡាតេក្វាន់ដូ WT មកពីបណ្តារាជធានី-ខេត្ត ចូលរួមសរុប ៣២ និងមានប្រតិភូកីឡាសរុប ១៧២នាក់ (ប្រតិភូគ្រូបង្វឹក ៤៧នាក់ កីឡាករ ៦៥នាក់ និងកីឡាការិនី៦០នាក់) ក្នុងនោះនៅរាជធានីភ្នំពេញមាន ២២ក្លឹប ខេត្តកណ្តាល ២ក្លឹប ខេត្តបាត់ដំបង ៥ក្លឹប ខេត្តសៀមរាប ២ក្លឹប និងខេត្តរតនគិរី ១ក្លឹប។ ការប្រកួតនេះអាចដំណើរការទៅបាន ដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៤៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី