អគ្គលេខាធិការសហព័ន្ធប៊ូល និងប៉េតង់៖ សហព័ន្ធខ្លាំងទៅបានលុះត្រាសម្ព័ន្ធ សមាគម ក្លឹប ខ្លាំងដូចគ្នា
- 2024-12-24 05:11:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការសហព័ន្ធប៊ូល និងប៉េតង់៖ សហព័ន្ធខ្លាំងទៅបានលុះត្រាសម្ព័ន្ធ សមាគម ក្លឹប ខ្លាំងដូចគ្នា
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប៊ូល និងប៉េងតង់ ថាសហព័ន្ធខ្លាំងទៅបានគឺលុះត្រាតែមានសម្ព័ន្ធ សមាគម ក្លឹប ខ្លាំង និងសំបូរធនធានដូចគ្នា ដូច្នេះហើយការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រជារឿងសំខាន់ដែលថ្នាក់ដឹកនាំបានគិតគូរ។
ឯកឧត្ដម សុខ សប្បាយណា ថ្លែងក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នេះថា សហព័ន្ធបានគិតគូរចំពោះការជំរុញលើកទឹកចិត្ត ការឧបត្ថម្ភគាំទ្រជានិច្ចទៅដល់សម្ព័ន្ធ សមាគម ក្លឹបដូចជាសម្ភារហ្វឹកហាត់ និងជំនួយផ្នែកបច្ចេកទេសជាដើម។ សហព័ន្ធខ្លាំងលុះត្រាណាផ្នែកពាក់ព័ន្ធ សមាគម ក្លឹប ទាំងអស់ខ្លាំង និងសំបូរធនធានដូចគ្នា។
មួយវិញទៀតដើម្បីជួយសម្រួលដល់សម្ព័ន្ធ សមាគម ក្លឹប ទាំងអស់ដែលចង់បង្កើតឲ្យមានជាព្រឹត្តិការណ៍ប្រកួតផ្សេងៗត្រូវដាក់លិខិតមកសហព័ន្ធដើម្បីសហព័ន្ធបានទទួលដំណឹងពីការប្រកួតផង និងសហព័ន្ធគិតគូរជួយឧបត្ថម្ភជាថវិកា សម្ភារ ឬជួយផ្នែកបច្ចេកទេសផងឲ្យឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិផងដែរ។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០២៤។ សម្ព័ន្ធ ក្លឹប ចូលរួមសរុប ៥៤ មកពី ១៤រាជធានី-ខេត្ត និងមានកីឡាករ កីឡាការិនី ៤៥០នាក់ លេងលើ ៨វិញ្ញាសា។ សម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយសរុបចំនួន ៥ មាស៤ និង សំរឹទ្ធិ១ ។ ក្លឹបមជ្ឈមណ្ឌលកីឡាយោធពលខេមរៈភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ២ មានមេដាយសរុបចំនួន៣គ្រឿង ដោយមានមាស១ និង ប្រាក់២ ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្លឹបយោធភូមិភាគពិសេស ដោយឈ្នះមេដាយសរុបចំនួន ២ មាស១ និង ប្រាក់១ តាមពីក្រោយដោយក្លឹបអ័រគីដេ ឈ្នះមេដាយសរុប២គ្រឿងដូចគ្នា ដោយមានមាស១ និង ប្រាក់១។ ចំពោះ៩ក្លឹបផ្សេងទៀត ឈរតាមលេខរាងជាបន្តបន្ទាប់ ដោយឈ្នះមេដាយរាងៗខ្លួនផងដែរ៕