ខ្ញីកាន់តែចាស់កាន់តែហិល! សួន ចាន់ណារ៉ូ ប្រើអស់ក្បាច់នាំក្រុមវាយបកមហាផ្ទៃយកពានរង្វាន់សម្ដេច ស ខេង
- 2024-12-24 12:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញីកាន់តែចាស់កាន់តែហិល! សួន ចាន់ណារ៉ូ ប្រើអស់ក្បាច់នាំក្រុមវាយបកមហាផ្ទៃយកពានរង្វាន់សម្ដេច ស ខេង
ចន្លោះមិនឃើញ
អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ ប្រើប្រាស់បទពិសោធជាច្រើនឆ្នាំពន្យល់ដឹកនាំក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងវាយបកលើក្រុមខ្លាំងក្រសួងមហាផ្ទៃវិញរហូតឈ្នះពានសម្ដេច ស ខេង កាលពីម្សិលមិញ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកីឡាករ សួន ចាន់ណារ៉ូ បានលើកឡើងថា បន្ទាប់ពីចាញ់លើដៃគូ ២-០ សិន ហើយនោះគឺស្ថានភាពដូចទៅហ្នឹងកាលប្រកួតស៊ីហ្គេមពេលប៉ះថៃ ប៉ុន្តែកម្ពុជាវាយបកយកឈ្នះវិញ។
ងាកមកក្រុមរបស់ខ្លួនពីម្សិលមិញនេះបន្ទាប់ពីចាញ់ខាងក្រសួងមហាផ្ទៃ ២សិន ជាប់គ្នាមកគឺខ្លួនផ្ទាល់បានពន្យល់ និងប្រាប់កូនក្រុមឲ្យលេងមួយៗតាមធម្មតា ចាញ់-ឈ្នះ ជារឿងធម្មតា ប៉ុន្តែត្រូវប្រមូលអារម្មណ៍លេងឲ្យដូចការប្រកួតមុនៗ។
អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិខាងលើនេះបន្ថែមទៀតថា ខ្លួនបានប្រាប់ទៅកាន់កូនក្រុមមិនលេងទម្លាក់ដៃ ឬបន្ថយកម្លាំងនោះឡើយលទ្ធផលឈ្នះគឺ ២៥ពិន្ទុ ដូច្នេះបើមិនទាន់ដល់ពិន្ទុឈ្នះនោះទេមិនអាចលេងបន្ធូរបន្ថយដាច់ខាត។ បន្ទាប់ពីពន្យល់ និងដាស់ស្មារតីហើយនោះ ណារ៉ូ មើលឃើញថាកូនក្រុមចាប់ផ្ដើមលេងល្អឡើងវិញ និងវាយមិនខ្លាចបាំងធំៗរបស់ក្រសួងមហាផ្ទៃនោះឡើយ។
បញ្ជាក់ដែរថា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ បានបញ្ចប់ជាផ្លូវការហើយកាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង វាយបកលើក្រុមក្រសួងមហាផ្ទៃ ៣-២ យកពាន ប្រចាំឆ្នាំ ២០២៤ ទទួលបានប្រាក់រង្វាន់ ៥០លានរៀល។ ចំណែកក្រុមលេខ២ ក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងក្រុមលេខ៣ បានលើបញ្ជាការដ្ឋានអង្គរក្ស A ទទួលបានប្រាក់រង្វាន់ ១២លានរៀល៕