ស្នេហា Tom Holland និង Zendaya ឈានដល់ដំណាក់កាល ភ្ជាប់ពាក្យជាមួយគ្នាហើយ

  • 2025-01-08 04:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ Spider-Man លោក Tom Holland និង គូស្នេហ៍ Zendaya ត្រូវបានគេប៉ាន់ប្រមាណថា បានភ្ជាប់ពាក្យជាមួយគ្នារួចរាល់ហើយ។ ពាក្យចចាមអារ៉ាម ថាអ្នកទាំង ២ បានភ្ជាប់ពាក្យជាមួយគ្នា កើតឡើងនៅពេល Zendaya បានទៅចូលរួមកម្មវិធី Golden Globes ហើយគេឃើញនាង មានពាក់ចិញ្ចៀនពេជ្រធំមួយ នៅដៃនាង ខាងឆ្វេង។

នៅពេលត្រូវបាន សួរដោយ The Los Angeles Times អំពីចិញ្ចៀនពេជ្រនោះ ស្រាប់តែ Zendaya មានសម្តែងអាការៈ បែបអៀន ហើយញញឹមផ្កាត្រកួន ធ្វើឱ្យអ្នកគាំទ្រសង្ស័យថា នាង និង Tom Holland បានភ្ជាប់ពាក្យជាមួយគ្នា ពិតប្រាកដមែន។ ទំនាក់ទំនង ក្តីស្នេហារបស់ Tom Holland និង Zendaya បានរក្សាការសម្ងាត់អស់រយៈពេលជាយូរ ទម្រាំតែបែកធ្លាយដំណឹងអំពីស្នេហារបស់ពួកគេ ជាសាធារណៈ នៅឆ្នាំ ២០២១។ អំឡុងពេល ឆ្នាំ ២០២១ នោះ គេបានឃើញ គូស្នេហ៍នេះ បានថើបមាត់គ្នា យ៉ាងផ្អែមល្ហែម នៅក្នុងរថយន្ត ក្នុងទីក្រុង Los Angeles។

អ្នកគាំទ្រ សង្កេតឃើញថា តារាសម្តែង Tom Holland និង Zendaya ជានិច្ចជាកាលតែងធ្វើដំណើរទៅណាជាមួយគ្នា លើកលែងតែកម្មវិធីកម្រាលព្រំក្រហម ធំៗ ដោយ តួអង្គ Spider-Man បញ្ជាក់ថា “វាជាពេលវេលាក្នុងការបង្ហាញខ្លួន ដ៏មានកិតិ្តយស របស់មិត្តស្រីលោក ដូច្នេះលោកចង់ផ្តល់ពេលវេលានេះសម្រាប់នាង”។ ប៉ុន្តែបើទោះបីជាបែបនេះក្តី ជារឿយៗ គេនៅតែឃើញអ្នកទាំង ២ បង្ហាញមុខក្នុងកម្មវិធី សម្ពោធខ្សែភាពយន្តធំៗ ជាមួយគ្នា៕

ប្រភព៖ nbcnews   ប្រែសម្រួល ៖ គីម ណារ៉ាក់