ថ្នាក់​ដឹកនាំ​ផ្នែក​​កីឡា​នៅ​កម្ពុជា​ ប្រាប់​កត្តា​សំខាន់​ និង​កំណើន​អ្នក​រត់​ប្រណាំង​កើន​ឡើង​ជា​បន្តបន្ទាប់​

  • 2025-01-09 03:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ប្រាប់​ពី​​កត្តា​សំខាន់ៗ​មួយ​ចំនួន​ និង​កំណើន​អ្នក​ចូលរួម​រត់​ប្រណាំង​ពិសេស​ Angkor Ultra Trail​ កើន​ឡើង​ជា​បន្តបន្ទាប់​នោះ​គឺ​កម្រិត​នៃ​ការ​រៀបចំ​បាន​ល្អ​ ខណៈ​ប្រទេស​ជាតិ​មាន​សន្តិភាព​ទើប​បរទេស​តែងតែ​មក​ចូលរួម។​

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​នៅ​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូវីដ​រួច​មក​​នេះ​មាន​កំណើន​អ្នក​ចូលរួម​កាន់​តែ​ច្រើន​ឡើងៗ​ជា​បន្តបន្ទាប់។​ ជាក់ស្ដែង​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​ Angkor Ultra Trail លើក​ទី៨​ ឆ្នាំ​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​កើនឡើង​ច្រើន​រហូត​ជាង​ ១០០០នាក់​មក​ហើយ។​

ថ្នាក់ដឹកនាំ​ផ្នែក​​កីឡា​នៅ​កម្ពុជា​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ កត្តា​សំខាន់​នាំ​ឲ្យ​មាន​កំណើន​អ្នក​រត់​កើនឡើង​ជា​បន្តបន្ទាប់​ដោយ​សារ​​​គណៈកម្មការ​រៀបចំ​ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រួម​ទាំង​អាជ្ញាធរ​សុទ្ធ​បំពេញ​តួនាទី​ រៀបចំ​សម្រួល​ដល់​ការ​រត់​បាន​ដោយ​រលូន​ល្អ​ និង​ផ្តល់​ទំ​នុក​ចិត្ត​ដល់​អ្នក​ចូលរួម។​ មួយ​វិញ​ទៀត​កត្តា​សុខ​សន្តិភាព​របស់​កម្ពុជា​ជា​ផ្នែក​ទាក់ទាញ​ដល់​អ្នក​រត់​បរទេស​ងាក​មក​ចូលរួម​ផង​ដែរ​ ស្របពេល​ដែល​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​អង្គរវត្ត​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​តាម​រយៈ​ការ​អ្នក​ធ្លាប់​ចូលរួម​ឆ្នាំ​មុនៗ​ផង​។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​អន្តរជាតិ​អង្គរ លើក​ទី៨​ ​​ឆ្លងកាត់​ឧបសគ្គ​ (Angkor Ultra Trail) នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៨​ ដល់ ១៩​ ខែ​មករា​ ឆ្នាំ​២០២៥​ ក្នុង​ខេត្ត​សៀមរាប។​ ចំពោះ​វិញ្ញាសា​រួម​មាន​ 100Km 64Km 42Km 32Km 18Km និង 8Km។​ អ្នក​ចុះឈ្មោះ​ចូលរួម​​បាន​ប្រមាណ​ជាង​ ១៣០០នាក់​មក​ហើយ​ដែល​មក​ពី​ជាង​៤០​ប្រទេស៕

នួន ស៊ីណា